មនុស្សដែលមានជំងឺស្ទះដង្ហើម ឬស្រមុក ប្រឈមនឹងជំងឺបាក់ទឹកចិត្ត និងភ្លេចភ្លាំង
ការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា មនុស្សដែលស្ទះដង្ហើម ឬ «ស្រមុក» ដែលក្នុងភាសាអង់គ្លេសហៅថា sleep apnoea នឹងពិបាកក្នុងការចងចាំនូវព័ត៌មានលំអិតនៃជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ដែលធ្វើឱ្យពួកគេប្រឈមនឹងជំងឺបាក់ទឹកចិត្តបានយ៉ាងងាយ។ sleep apnoea គឺជាជំងឺធ្ងន់ធ្ងរដែលអាចបណ្តាលឱ្យការដកដង្ហើមអាចស្ទះទាំងចេញ និងចូល។ ការស្រាវជ្រាវបានពិនិត្យមើលថា តើស្ថានភាពនេះប៉ះពាល់ដល់ការចងចាំដោយរបៀបណា? ហើយក្រោយមកពួកគេបានរកឃើញថា មនុស្សដែលមិនបានព្យាបាលជំងឺ (OSA: obstructive sleep apnoea) ទាន់ពេលវេលានឹងអាចខ្សោយការចងចាំនៅក្នុងជីវិតរបស់ពួកគេ។
ការស្រាវជ្រាវបានប្រៀបធៀបមនុស្សពេញវ័យចំនួន ៨៨នាក់ ដោយក្នុងនោះ ៤៤នាក់ មានជំងឺស្ទះដង្ហើម (មិនព្យាបាល) និង ៤៤នាក់ទៀតមានជំងឺស្ទះដង្ហើមដូចគ្នា ប៉ុន្តែពួកគេស្ថិតក្រោមការព្យាបាលត្រឹមត្រូវ។ ក្នុងការស្រាវជ្រាវពួកគេបានធ្វើតេស្ត និងសួរសំណួរទៅពួកគេទាក់ទងពីរឿងចាស់ៗដូចជា៖ រឿងកាលពីនៅក្មេង រឿងមុនពេលពេញវ័យ រឿងដែលទើបនឹងកើតថ្មីៗ -ល-។ ជាលទ្ធផលក្រុមអ្នកមានជំងឺស្ទះដង្ហើម (មិនព្យាបាល) មានការចងចាំខ្សោយជាង ៥២.៣ភាគរយ ខណៈក្រុមអ្នកមានជំងឺស្ទះដង្ហើម (ព្យាបាល) មានតែ ១៨.៩ ប៉ុណ្ណោះ។ ដូច្នេះហើយការគេងពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើង ប្រសិនបើអ្នកមានជំងឺនេះសូមប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ។

អត្ថបទ៖ លីដា
ប្រភព៖ timesnownews