បុរសម្នាក់ហូរឈាមប៊ិះនឹងស្លាប់ ដោយសារគាត់ច្រឡំលេបឈើចាក់ឆ្មេញចូលពោះ ៣អាទិត្យ ទម្រាំតែដឹង
បុរសម្នាក់ប៊ិះនឹងស្លាប់ដោយសារតែគាត់បានច្រឡំលេបឈើចាក់ធ្មេញចូលក្នុងពោះ ហើយវាបានចាក់ជាប់នឹងពោះវៀន និងសរសៃឈាមរបស់គាត់។ បុរសម្នាក់នោះត្រូវបានគេឱ្យដឹងថា ជាអត្តពលិកមានអាយុ ១៨ឆ្នាំ រស់នៅទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ ឈើចាក់ឆ្មេញដែលជាប់ក្នុងពោះវៀនរបស់គាត់គឺមានប្រវែង ៧.៥សង់ទីម៉ែត្រ ហើយវានៅជាមួយគាត់រយៈពេល ៣សប្តាហ៍ មកហើយមុនពេលដែលគ្រូពេទ្យរកឃើញ។
ហេតុការណ៍នេះបានកើតឡើងខណៈពេលគាត់កំពុងធ្វើដំណើរទៅហ្វឹកហាត់ជាមួយក្រុមរបស់គាត់ ហើយក្រោយមកគាត់ត្រូវបានបញ្ជូនមកមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីគាត់មានការឈឺចាប់នៅក្នុងក្រពះ និងខ្នង ហើយក្តៅខ្លួន (ក្តៅរហូតដល់ ៤០.៦អង្សាសេ) ចង្អោរ និងរាគមានឈាម។ ជាដំបូងវេជ្ជបណ្ឌិតមិនអាចរកឃើញមូលហេតុទេ ប៉ុន្តែ ២០ថ្ងៃ ក្រោយមកទើបពួកគេបានរកឃើញថា មានឈើចាក់ឆ្មេញបានចាក់ជាប់នៅក្នុងពោះវៀនរបស់គាត់ ដែលធ្វើឱ្យគាត់ស្ទើរតែបាត់បង់ជីវិតដោយសារមានការហូរឈាមឥតឈប់។ ប៉ុន្តែជាសំណាងរបស់គាត់ ដែលពេលនេះគាត់បានរួចផុតពីសេចក្តីស្លាប់ហើយ៕



អត្ថបទ៖ លីដា
ប្រភព៖ dailymail