ឧកញ៉ា ស្រី ចាន់ថន តំណាងឱ្យកីឡាករ Thiago Teixeira ថ្លែងអំណរគុណ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ដែលមានទឹកចិត្តល្អក្រៃលែងឧបត្ថម្ភថវិកាដល់ Thiago
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីផេកហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានតំណាងឱ្យកីឡាករប្រដាល់ Thiago Teixeira សូមថ្លែងអំណរគុណដល់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានទឹកចិត្តល្អក្រៃលែងក្នុងការឧបត្ថម្ភថវិកាដល់កីឡាករ Thiago ។
ក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ « ខ្ញុំបាទតំណាងឲ្យកីឡាករ Thiago សូមថ្លែងអំណរគុណ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលលោកមានទឹកចិត្តល្អក្រៃលែងក្នុងការឧបត្ថម្ភថវិកាដល់កីឡាករ Thiago របស់យើង។ ដូចបងប្អូនបានដឹងហើយថា ក្នុងរយៈកាលប៉ុន្មានថ្ងៃចុងក្រោយនេះទាំងសម្តេចពុក ទាំងរដ្ឋមន្រ្តីជាច្រើនរូបលោកបានឧបត្ថម្ភថវិកាជាបន្តបន្ទាប់ដល់កីឡាករ Thiago។ ជាចុងក្រោយខ្ញុំសូមគោរពជូនពរបវរមហាប្រសើរ ជូនចំពោះ ឯកឧត្តម ជា វ៉ាន់ដេត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ មានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ជន្មាយុយឺនយូរ សេចក្តីសុខសុភមង្គលគ្រប់ទិវារាត្រី និងសូមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ » ។
សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារអាមេរិក ដល់កីឡាករប្រដាល់ Thiago Teixeira ដែលនិច្ចកាលតែងតែជួយលើកតម្កើងតម្លៃវប្បធម៌ខ្មែរ ពិសេសគឺក្បាច់គុនខ្មែរផ្សព្វផ្សាយនៅលើឆាកជាតិនិងអន្តរជាតិនាពេលកន្លងមក ៕




ប្រភព៖ ស្រី ចាន់ថន Srey Chanthorn