ខ្មែរណូត

ស្វែងរក

SEA GAMES

បងប្អូនភ្លោះត្រកូល Truong វិលត្រឡប់មកជួយក្រុមបាល់បោះនារីវៀតណាម ដើម្បីដណ្ដើមមេដាយស៊ីហ្គេម

BY Khmernote Media April 13, 2023
បងប្អូនភ្លោះត្រកូល Truong វិលត្រឡប់មកជួយក្រុមបាល់បោះនារីវៀតណាម ដើម្បីដណ្ដើមមេដាយស៊ីហ្គេម

វៀតណាម៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា បងប្អូនភ្លោះស្រីត្រកូល Truong កីឡាការិនី Truong Thao My និង Truong Thao Vy នឹងធ្វើដំណើរពីសហរដ្ឋអាមេរិក មកកាន់ប្រទេសវៀតណាម នាពេល​ខាង​មុខ ដើម្បីចូលរួមជាមួយក្រុមបាល់បោះជម្រើសជាតិនារីវៀតណាម ក្នុងព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

កីឡាការិនី Truong Thao My និង Truong Thao Vy បាន​កើតនៅរដ្ឋតិចសាស សហ​រដ្ឋអាមេរិក ហើយ​បច្ចុប្បន្ន អ្នក​ទាំង​២​មានវ័យ២១ឆ្នាំ ដោយមាន​ឪពុក​សញ្ជាតិវៀតណាម និងម្ដាយសញ្ជាតិវៀតណាម-អាមេរិក។

កីឡាការិនី​បាល់បោះកូនភ្លោះ​ទាំង​២នាក់នេះ ទំនងជានឹងប្រកួតទាំង២វិញ្ញាសា រួមមាន​វិញ្ញាសា ៣ទល់៣នាក់ និងវិញ្ញាសា ៥ទល់៥នាក់ ដើម្បីជួយក្រុម​បាល់បោះ​នារី​វៀតណាម ឱ្យ​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាងមុន ពោល​គឺធៀបទៅនឹងការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម​ចុងក្រោយបង្អស់ (លើកទី៣១) ធ្វើឡើង​នៅ​ប្រទេស​វៀតណាម កីឡាការិនីទាំង២​នេះ បាន​រួម​ចំណែក​ជួយ​ឱ្យ​ប្រទេស​កំណើត​របស់​ឪពុកម្ដាយខ្លួន ទទួលបានមេដាយប្រាក់ ជាប្រវត្តិសាស្ត្រក្នុងវិញ្ញាសា ៣ទល់៣នាក់​។

កូនភ្លោះត្រកូល Truong លេងឱ្យ Gonzaga នៃក្របខណ្ឌលីគសាកលវិទ្យាល័យ (NCAA) នៃសហរដ្ឋអាមេរិក។ រដូវកាលនេះ Thao My និង Thao Vy មានបទពិសោធន៍ផ្ទុយគ្នា គឺ​កីឡាការិនី Thao Vy លេងបាន​ទៀងទាត់ជាមួយនឹងស្ថិតិគួរឱ្យចាប់អារម្មណ៍ តែ Thao My វិញបានខកខានការប្រកួតជាច្រើន ដោយសារតែបញ្ហារបួស។

ទោះជាយ៉ាងណាក៏ដោយ My បានជាសះស្បើយ​របួស​១០០ភាគរយហើយ ហើយអាច​លេង​ក្នុង​ការ​ប្រកួត ២លើកចុងក្រោយនៃរដូវកាលនេះ សម្រាប់ក្រុមសាកលវិទ្យាល័យ Gonzaga។ ដូច្នេះនាង​នឹង​មាន​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ល្អ​បំផុត ​មុន​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ នៅកម្ពុជា។

ជាមួយនឹងការវិល​ត្រឡប់មកវិញរបស់ Truong Thao My និង Truong Thao Vy គឺ​សមត្ថភាព​របស់​ក្រុម​បាល់បោះនារីវៀតណាម ក្នុងការដណ្ដើមយក​មេដាយនៅស៊ីហ្គេម លើក​ទី៣២ នឹង​មាន​ភាព​ប្រសើរឡើងគួរឱ្យកត់សម្គាល់។ ក្រុម​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រមូល​ផ្តុំ​ និង​​ចាប់​ផ្តើម​ការ​​ហ្វឹក​ហាត់​​នៅ​​សប្តាហ៍​​ក្រោយ៕

ប្រភព៖ Cambodia 2023

Share This Post: