ក្រសួងអប់រំ៖ សម័យប្រឡងបាក់ឌុប ត្រូវបានកំណត់យកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣
(ភ្នំពេញ)៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៣ នេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី០៦ ខែវិច្ឆិកា ដោយក្រសួងបានចេញនូវសេចក្តីណែនាំពីដំណើរការនៃការប្រឡង ហើយការទទួលពាក្យសុំចុះឈ្មោះប្រឡង ធ្វើឡើងនៅតាមវិទ្យាល័យ ដោយចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងក៏បានកំណត់ផងដែរថា សិស្សដែលអវត្តមានឥតច្បាប់លេីសពី៣០ដងឡេីងទៅ នឹងត្រូវលុបបេក្ខភាពប្រឡង។ សម្រាប់កាលបរិច្ឆេទដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១-១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមមណ្ឌលកំណែប្រមូលផ្តុំរាជធានីភ្នំពេញ។ ចំណែកដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
ក្នុងសេចក្តីណែនាំប្រធានមន្ទីរអប់រំយុវជន និងកីឡា រាជធានី ខេត្តត្រូវចាត់តាំងតំណាងឱ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងនៅនាយកដ្ឋានកិច្ចការប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីយកទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗនារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស៕
សូមអានសេចក្តីណែនាំលម្អិតតាមរយៈតំណរភ្ជាប់នេះ៖ #សេចក្ដីណែនាំ ស្ដីពីការអនុវត្ដប្រកាសលេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣