មិនអស់ថ្លៃហូបចុក-ស្នាក់នៅមួយថ្ងៃ ៥០ដុល្លារ ពេលមកប្រកួតស៊ីហ្គេមនៅកម្ពុជា វៀតណាមចំណេញបាន ៥ម៉ឺនដុល្លារក្នុងមួយថ្ងៃ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា គណៈប្រតិភូកីឡាវៀតណាមដែលមានសមាជិកទាំងអស់ ១,០០៣ នាក់ នឹងចំណេញបានជាង ៥០,០០០ ដុល្លារក្នុងមួយថ្ងៃៗ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ បន្ទាប់ពីភាគីម្ចាស់ផ្ទះកម្ពុជា សម្រេចមិនយកកម្រៃលើថ្លៃចំណាយណាមួយនោះឡើយ។ រំលឹកផងដែរថា ដំបូងឡើយកម្ពុជាគ្រោងប្រមូល ៥០ដុល្លារក្នុងមួយថ្ងៃ សម្រាប់គណៈប្រតិភូកីឡាម្នាក់ៗ ប៉ុន្តែក្រោយមានការណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ម្ចាស់ផ្ទះកម្ពុជានឹងមិនយកថ្លៃអាហារ ឬការស្នាក់នៅ ពីគណៈប្រតិភូកីឡាទាំងនោះឡើយ។ ការសម្រេចរបស់កម្ពុជានឹងជួយប្រតិភូកីឡាទាំង ១១ ប្រទេស ដែលចូលរួមស៊ីហ្គេមលើកទី៣២ អាចសន្សំសំចៃថវិកាបានយ៉ាងច្រើន។
កម្ពុជានឹងក្លាយជាប្រទេសម្ចាស់ផ្ទះដំបូងគេក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ដែលរ៉ាប់រងរាល់ការចំណាយទាំងអស់ តាំងពីអាហារ និងការដឹកជញ្ជូន រហូតដល់កន្លែងស្នាក់នៅសម្រាប់ប្រទេសដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ឱ្យតែគណៈប្រតិភូដែលបានចុះឈ្មោះចូលរួមទាំងនោះ គឺនៅដដែល។ នេះក៏ជាលើកទី១ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះឱ្យព្រឹត្តិការណ៍ស៊ីហ្គេមផងដែរ។ កន្លងមកកម្ពុជា ក៏បានសម្រេចមិនគិតថ្លៃសិទ្ធិផ្សាយផ្ទាល់តាមទូរទស្សន៍ និងបានប្រកាសឱ្យចូលទស្សនាដោយឥតគិតថ្លៃគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍នេះ។ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កម្ពុជានឹងចាប់ផ្ដើមព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣-៩ ខែមិថុនា ហើយកម្ពុជាក៏នឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ម្តងទៀត សម្រាប់គណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេមទាំងអស់៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress