ខ្មែរណូត

ស្វែងរក

SEA GAMES

កម្ពុជាត្រៀមចំនួន ៣,០០០កន្លែង សម្រាប់ពលរដ្ឋខ្មែរក្រៅប្រទេស ចូលទស្សនាផ្ទាល់ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម

BY Khmernote Media April 20, 2023
កម្ពុជាត្រៀមចំនួន ៣,០០០កន្លែង សម្រាប់ពលរដ្ឋខ្មែរក្រៅប្រទេស ចូលទស្សនាផ្ទាល់ពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម

រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមចំនួន៣,០០០កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសហើយមានបំណងចង់មកទស្សនាដោយផ្ទាល់ពិធីបើក និងបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ដែលការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរៀបចំសណ្ដាប់ធ្នាប់ពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃទី១៩ ម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍បែបនេះថា៖ «… រាល់ការប្រកួតកីឡា និងការចូលមើលពិធីបើក-បិទស៊ីហ្គេម អត់មានគិតថ្លៃទេ។ អ៊ីចឹងមានប្រព័ន្ធមួយដែលបងប្អូនប្រជាពលរដ្ឋអាចចូលទៅចុះឈ្មោះយកសំបុត្រតាមប្រព័ន្ធអ៊ីនធឺណិត។ អាហ្នឹងគឺខាងគណៈកម្មការកីឡា គេបានរៀបចំ។…ដោយឡែកចំពោះពិធីបើក-បិទ ចំពោះបងប្អូនដែលនៅក្រៅប្រទេស ក៏អាចមកទស្សនាបានដែរ ប៉ុន្តែដល់ថ្ងៃទី២៤ ខែមេសា ទើបយើងបើកឲ្យចូលវេបសាយបាន។ អ៊ីចឹង បងប្អូននៅក្រៅប្រទេស បងប្អូនគ្រាន់តែ Apply តាមអនឡាញមក ហើយមកឆែកយកសំបុត្រនៅមុខពហុកីឡដ្ឋានមរតកតេជោ ចាប់ពីថ្ងៃទី២៤ តទៅ។ អ៊ីចឹង បងប្អូនអាចពឹងអ្នកនៅនេះផ្ទាល់ ឲ្យមកយកសំបុត្រនៅខាងមុខពហុកីឡដ្ឋានបាន ដោយគ្រាន់តែបង្ហាញលិខិតឆ្លងដែនតាមរយៈអ្នកមកយកហ្នឹង»

ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «…បើអត់មានបងប្អូន ពេលមកដល់បង្ហាញលិខិតឆ្លងដែនមកថា សម្រាកនៅណានោះនឹងបានសំបុត្រហើយ។ អ៊ីចឹង គឺយើងត្រៀម៣,០០០កន្លែង សម្រាប់បងប្អូនដែលរស់នៅក្រៅប្រទេស ហើយចង់មកទស្សនាពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជាហ្នឹង…»។

ការមកទទួលសំបុត្រនេះដែរ គឺនឹងបើកចាប់ពីម៉ោង ៨:៣០នាទី ដល់ម៉ោង ១១:៣០នាទី និងពីម៉ោង២:៣០ ដល់ម៉ោង៥:៣០នាទីល្ងាច។

គួររម្លឹកថា សម្រាប់ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេមនោះ នឹងមានបងប្អូនមកពីគ្រប់បណ្ដាខេត្តទូទាំងប្រទេស ដោយកំណត់ចំនួនសរុប ទាំងភ្ញៀវជាតិ និងអន្តរជាតិចំនួន ៦០,០០០នាក់ប៉ុណ្ណោះ បើកឲ្យចូលទស្សនាផ្ទាល់៕

ប្រភព៖ Cambodia 2023

Share This Post: