វិញ្ញាសាប្រកួតកីឡាអុកចត្រង្គ ក្នុងក្របខណ្ឌកីឡាស៊ីហ្គេម នឹងប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ យោងតាមប្រសាសន៍របស់ឯកឧត្ដម គុជ គីមឡុង ប្រធានសហព័ន្ធអុកចត្រង្គ ក្នុងកិច្ចសម្ភាសន៍បានអោយដឹងថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានវិញ្ញាសាប្រកួតកីឡាអុកចត្រង្គ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
វិញ្ញាសានេះ នឹងមានអ្នកចូលរួមប្រកួតចំនួន ៧ប្រទេស រួមមានប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ ប្រទេសឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ដែលមានកីឡាករសរុបចំនួន៦២រូប។ ចំពោះវិញ្ញាសាដែលត្រូវប្រកួត គឺមានចំនួន ៧វិញ្ញាសា។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជានឹងមានកីឡាករសរុបចំនួន ១២រូប ក្នុងនោះ កីឡាការីនីមានចំនួន០២រូប។
ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កីឡាករទាំងអស់បានត្រៀមខ្លូនរួចជាស្រេច ក្នុងការប្រឹងប្រែងស្វែងរកលទ្ធផលល្អ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាជាតិរបស់យើង ៕

