ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រឿងទាំង ៥យ៉ាង របស់ព្រះនាងម្ចាស់ ឧបុលរតនា រជ្ជកញ្ញា ដែលអ្នកគួរយល់ដឹង

    BY autoadmin February 9, 2019
    រឿងទាំង ៥យ៉ាង របស់ព្រះនាងម្ចាស់ ឧបុលរតនា រជ្ជកញ្ញា ដែលអ្នកគួរយល់ដឹង

    អតីតព្រះនាងម្ចាស់ថៃ ឧបុលរតនា រជ្ជកញ្ញា ទ្រង់នឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតនៅថ្ងៃ ទី២៤ ខែមីនា ខាងមុខនេះ ដែលទ្រង់នឹងឈរឈ្មោះតំណាងឱ្យគណបក្សសុវត្ថិភាពជាតិថៃ (Thai Raksa Chart) ជាអតីតគណបក្សដែលត្រកូលស៊ីណាវ៉ាត្រាធ្លាប់បានដឹកនាំ។ ព្រះនាងម្ចាស់ ឧបុលរតនា រជ្ជកញ្ញា មានព្រះនាមពេញថា ឧបុលរតនា រជ្ជកញ្ញា សិរីវឌ្ឍនា បាណាវ៉ាឌី ទ្រង់ប្រសូតនៅឆ្នាំ ១៩៥១ មានព្រះជន្ម ៦៧វស្សា និងត្រូវជាព្រះកនិដ្ឋារបស់ព្រះមហាក្សត្រថៃ មហា វិជ្ជរ៉ាឡុងកន។

    ការតែងតាំងរបស់ព្រះនាងម្ចាស់បានបំបែកនូវប្រពៃណីដ៏យូរអង្វែងនៃការដែលសែស្រឡាយរាជវង្សនឹងមិនលូកដៃក្នុងនយោបាយ។ ចំណែកគូប្រជែងឈានមុខរបស់ទ្រង់ គឺលោក ប្រាយុទ្ធ ចាន់អូចា ដែលជាមេដឹកនាំយោធាថៃ និងបានប្រកាសខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ដូចគ្នា។ យ៉ាងណាមិញខាងក្រោមនេះជារឿង ៥យ៉ាង ដែលអ្នកត្រូវដឹងអំពីអតីតព្រះនាងម្ចាស់អង្គនេះ៖

    ១. ព្រះនាងម្ចាស់ទ្រង់លះបង់តំណែងជារាជវង្សនៅថ្ងៃ ទី២៥ ខែកក្កដា ឆ្នាំ១៩៧២ នៅពេលទ្រង់រៀបការជាមួយលោក Peter Jensen ជាជនជាតិអាមេរិក ដែលព្រះនាងបានជួបកាលពីពេលទ្រង់កំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋម៉ាសាឈូសេត (MIT) ។

    ២. ទ្រង់មានភាពសកម្មក្នុងសកម្មភាពការងារសង្គម៖ យោងតាមក្រសួងវប្បធម៌ថៃបានឱ្យដឹងថា ព្រះនាងម្ចាស់ទ្រង់បានធ្វើជាប្រធានមូលនិធិមិនរកប្រាក់ចំណេញចំនួន ៤ ដែលគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន គាំទ្រដល់អ្នកមានជំងឺវង្វេងវង្វាន់ និងអ្នកក្រីក្រ ក៏ដូចជាមូលនិធិសប្បុរសដទៃទៀត ហើយទ្រង់ក៏បានរៀបចំការប្រគំតន្ត្រីរបស់យុវជនផងដែរ។

    ៣. ទ្រង់ធ្លាប់ដើរតួក្នុងភាពយន្ត និងរឿងភាគ៖ មិនដូចសែស្រឡាយផ្សេងទៀតរបស់ទ្រង់ទេ ទ្រង់តែងមានវត្តមានសំខាន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ចំណែកខ្សែភាពយន្តដំបូងរបស់ទ្រង់ត្រូវបានចាក់ផ្សាយក្នុង ឆ្នាំ២០០៣។ ទ្រង់បានបង្ហាញខ្លួននៅក្នុងរឿងភាគទូរទស្សន៍ Kshatriya ក៏ដូចជានៅក្នុងរឿង Great King Saves The Land ហើយ ៣ឆ្នាំ ក្រោយមកទ្រង់បានសម្ដែងក្នុងរឿង Anantalai ។

    ៤. ទំនាក់ទំនងជាមួយប្រទេសសឹង្ហបុរី៖ ទ្រង់បានជ្រើសរើសប្រទេសសឹង្ហបូរីជាប្រទេសដំបូងបង្អស់នៅអាស៊ីដើម្បីបង្ហាញខ្សែភាពយន្តដំបូងរបស់ទ្រង់នៅក្នុង ឆ្នាំ២០០៨ ។ ទ្រង់ក៏បានមានព្រះបន្ទូលប្រាប់កាសែត The Straits Times ថា ដោយសារតែប្រទេសសិង្ហបុរីគឺនៅជិតប្រទេសថៃ ហើយជាទីក្រុងទំនើបមួយដែលកំពុងបោះជំហានយ៉ាងលឿន។

    ៥. ទ្រង់សព្វព្រះរាជហរទ័យលើការប្រើប្រាស់បណ្ដាញសង្គម៖ បណ្តាញ Instagram (@Nichax) ផ្ទាល់ខ្លួនរបស់ទ្រង់គឺមាន Followers ជិត ១០០,០០០ ហើយទ្រង់ក៏បានបង្ហោះវីដេអូនៃការច្រៀង និងការរាំក្នុងអំឡុងពេលថ្ងៃបុណ្យណូអែល។ ថ្មីៗនេះដែរទ្រង់ក៏បានបង្ហោះវីដេអូនៃការញ៉ាំអាហារតាមចិញ្ចើមថ្នល់ និងការត្អូញត្អែរអំពីការបំពុលនៅក្នុងទីក្រុងបាងកកផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ straitstimes

    Share This Post: