អ្នកជំងឺម្នាក់ស្លាប់ ដោយសារគ្រូពេទ្យភ្លេចយកអេប៉ុងចេញពីខ្លួនក្រោយពេលវះកាត់រួច
អេប៉ុងវះកាត់ គឺជាវត្ថុសំខាន់ក្នុងការជួយជូតសម្អាតឈាម និងបឺតយកវត្ថុរាវ ហើយក៏ជាវត្ថុក្រុមគ្រូពេទ្យច្រើនតែភ្លេចយកចេញពីក្នុងខ្លួនអ្នកជំងឺអំឡុងពេលប្រតិបត្តិការវះកាត់ផងដែរ។ អេប៉ុងខ្លះជាជាតិខាប់អន្ធិល និងខ្លះជាកប្បាស ហើយមានទំហំទៅតាមការចាំបាច់នៅពេលប្រតិបត្តិការវះកាត់។ ដោយយោងទៅតាមការសិក្សាក្នុង ឆ្នាំ២០០៧ បានឱ្យដឹងថា អ្នកជំងឺប្រមាណ ១,៥០០នាក់ គឺមានគ្រឿងប្រដាប់ប្រដាសម្រាប់ការវះកាត់បានបន្សល់ក្នុងខ្លួនរបស់ពួកគេក្រោយពេលវះកាត់រួច ហើយប្រហែលពីរភាគបីនៃពួកវាគឺជាអេប៉ុង។
ជាក់ស្ដែងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Redding ត្រូវបានពិន័យជាទឹកប្រាក់ ៤៧,៥០០ដុល្លារអាមេរិក ដោយសារពួកគេមានកំហុសដោយបន្សល់ទុកអេប៉ុងវះកាត់នៅក្នុងខ្លួនអ្នកជំងឺម្នាក់ ដែលវាជាមូលហេតុបណ្តាលឱ្យគាត់បាត់បង់ជីវិត។ អ្នកជំងឺដែលស្លាប់ត្រូវបានគេឱ្យដឹងថា គាត់បានចូលមកវះកាត់សរសៃឈាមដែលខូច ហើយក្រុមគ្រូពេទ្យវះកាត់ក៏បានរាប់ចំនួនអេប៉ុងវិញដែរ ប៉ុន្តែមិនដឹងជាកំហុសអ្វី ១០ថ្ងៃ ក្រោយមកអ្នកជំងឺក៏បានស្លាប់។ មានមូលហេតុមួយចំនួនដែលធ្វើឱ្យគាត់ស្លាប់ ហើយ ១ ក្នុងចំនោមនោះ គឺដោយសារអេប៉ុងវះកាត់ដែលភ្លេចយកចេញនេះ ហើយជាលទ្ធផលគេបានការធ្វើកោសល្យវិច័យ និង X-ray ឃើញថា ពិតជាមានអេប៉ុងនៅក្នុងខ្លួនរបស់គាត់មែន៕
អត្ថបទ៖ លីដា
ប្រភព៖ dailymail