សំបុត្រ ចូលទស្សនាការប្រកួតបាល់ទាត់ នៅថ្ងៃទី១ ត្រូវបានចែកអស់ ត្រឹមរយៈពេលជាង១ម៉ោង
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការចែកសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយឥតគិតថ្លៃ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។
ជាមួយការប្រកាសផ្តល់សំបុត្រទស្សនា ការប្រកួតបាល់ទាត់បុរស ថ្ងៃបើកឆាក នៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី២៩ ខែមេសា ខាងមុខនេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រ ដែលបានដឹកដំណឹងនេះ នាំគ្នាទៅទទួលយកសំបុត្រនេះ យ៉ាងច្រើនកុះករ ហើយអ្នកខ្លះទៀត ក៏មិនទាន់បានដឹងពីព័ត៌មានជាក់លាក់នៃការចែកសំបុត្រនេះនៅឡើយទេ។
ជាមួយគ្នានេះ ឯកឧត្ដម កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ពន្យល់ពីការចែកសំបុត្រនេះថា៖ «សំបុត្រ ដែលយើងចែកហ្នឹង មានកំណត់ គឺសំបុត្រ ដែលយើងចែកថ្ងៃទី១នេះ យើងមានក្នុងដៃតែ១៣០០០សន្លឹក សម្រាប់តំបន់សាធារណៈ ឬ Zone B និងនៅខាងមុខវេទិកាកិត្តិយស (Zone A) មានចំនួន១៣០០សន្លឹក អ៊ីចឹងដោយសារតែចំនួន សំបុត្រមានកំណត់ ទើបបងប្អូនយើងគាត់សម្រុកមកយកច្រើន»។
ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បើកឱ្យអ្នកគាំទ្រចូលយក នៅម៉ោង១២ ថ្ងៃត្រង់ ហើយត្រឹមជាង១ម៉ោងប៉ុណ្ណោះ សំបុត្រសរុបចំនួន១៤៣០០សន្លឹក ក៏ត្រូវបានចែកអស់បាត់ទៅហើយ ធ្វើឱ្យអ្នកគាំទ្រជាច្រើនរយនាក់ទៀត ដែលកំពុងឈរចាំ មិនទទួលបានសំបុត្រនេះទេ។ យ៉ាងណាមិញសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ចំពោះរឿងសំបុត្រនេះថា មានស្ថាប័នផ្សេងៗទៀតទទួលបានសំបុត្រ ដើម្បីចែកផងដែរ៕


ប្រភព៖ Cambodia 2023