ខ្មែរណូត

ស្វែងរក

SEA GAMES

ក្រសួងប្រៃសណីយ៍ ដាក់សេវាអ៊ីនធឺណិតល្បឿនលឿនឥតគិតថ្លៃចំនួន១៨៦ទីតាំង ប្រើក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

BY Khmernote Media May 2, 2023
ក្រសួងប្រៃសណីយ៍ ដាក់សេវាអ៊ីនធឺណិតល្បឿនលឿនឥតគិតថ្លៃចំនួន១៨៦ទីតាំង ប្រើក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សេវាអ៊ីនធឺណិតល្បឿនលឿនចំនួន១៨៦ទីតាំងត្រូវបានដាក់ពង្រាយនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា តំបន់សេវាអ៊ីនធឺណិតល្បឿនលឿន ដែលដាក់ ឱ្យសាធារណជនប្រើប្រាស់ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍កីឡានេះ គឺមាននៅពហុកីឡដ្ឋានជាតិ អូឡាំពិក និងពហុកីឡដ្ឋានជាតិមរតកតេជោ។ ភ្ញៀវជាតិ និងអន្តរជាតិអាចប្រើប្រាស់សេវាកម្មនេះ ដោយក្តីសប្បាយរីករាយ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់នៅថ្ងៃទី២ ខែឧសភានេះថា ទីតាំងទាំង១៨៦ កន្លែងរួមមាន៖ នៅសាលក្នុងពហុកីឡដា្ឋន សាលទស្សនិកជន VIP សាលទស្សនិកជនខាងក្រៅ វិមានកីឡដ្ឋាន មណ្ឌលកីឡាហែលទឹក មណ្ឌលកីឡាហុកគី មណ្ឌលកីឡាក្នុងសាល មណ្ឌលកីឡាវាយសី និងវាយកូនឃ្លីលើតុ មណ្ឌលកីឡាវាយកូនបាល់ សាលហាត់កីឡាប្រយុទ្ធ និងតំបន់សាធារណៈខាងក្រៅ ពហុកីឡដ្ឋាន។

ក្រសួងដដែលនេះ បានណែនាំឱ្យប្រជាពលរដ្ឋស្កេន QR Code ដែលមាននៅក្នុងរូបភាព ឬផ្ទាំងបង្ហាញ នៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi ប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន ដោយឥតគិតថ្លៃ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: