ខេត្តព្រះសីហនុ បើកការប្រកួតប្រណាំងទូកក្ដោងអន្ដរជាតិ មានកីឡាករ កីឡាការិនីចំនួន ៦ប្រទេស ចូលរួមប្រកួតកីឡាចំនួន ៣ប្រភេទ
ក្រុងព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី០២ ខែសភា ឆ្នាំ២០២៣នេះ ជាថ្ងៃដំបូងនៃការប្រកួតប្រណាំងទូកក្ដោងអន្ដរជាតិ ដែលមានកីឡាករ កីឡាការិនីចំនួន ៦ប្រទេស ចូលរួមនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្ដព្រះសីហនុ នៅទីលានតេជោ និងឆ្នេរសុខា ក្រុងព្រះសីហនុ ចាប់ថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ខេត្តព្រះសីហនុ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ចំនួន៣ប្រភេទ ៖
កម្មវិធីប្រកួត៖
១-ទូកក្តោងចាប់ផ្តើមប្រកួតនៅព្រឹកថ្ងៃទី២ ខែឧសភា និងបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
២-កីឡាបាល់ទះលើឆ្នេរខ្សាច់ ប្រកួតនៅពយជំទាវម៉ៅ ចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១១ ខែឧសភា និងបញ្ចប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៣។
៣-កីឡាម៉ូតូទឹក ចាប់ផ្តើមប្រកួតថ្ងៃទី១៣ ខែឧសភា និងត្រូវបញ្ចប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
បើតាមមន្ត្រីរដ្ឋបាលខេត្តឲ្យដឹងថា កម្មវិធីនេះមានយុវជនស្ម័គ្រចិត្តរបស់ សហភាព សហពន្ធ័យុវជនកម្ពុជា (ស.ស.យ.ក)ចំនួន ១១៧នាក់ ព្រមទាំងមន្ត្រី កងកម្លាំងមានសមត្ថកិច្ច ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស នៃគណៈកម្មការប្រកួតកីឡាស៊ីហ្គេម ក្នុងការជួយសម្របសម្រួល បដិសណ្ឋាកិច្ច និងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានធានាការស្នាក់នៅ និងផ្តល់អាហារជូនប្រតិភូកីឡានៃបណ្តាប្រទេសដែលបានមកចូលរួមប្រកួត ក្នុងនោះប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិទស្សនាដោយសេរី។ ជាមួយគ្នានេះរដ្ឋបាលខេត្តក៏បានរៀបចំផ្ទាំងស្លាយ និងផ្ទាំង LCD សម្រាប់ធ្វើការផ្សព្វផ្សាយបន្តផ្ទាល់នៅតាមទីតាំងមួយចំនួនផងដែរ៕













