SEA GAMES

នាយបេសកកម្មសិង្ហបុរីនិយាយថា ប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមបានយ៉ាងល្អ

BY
Naren
May 3, 2023

(ភ្នំពេញ)៖ នាយបេសកកម្មស៊ីហ្គេមរបស់ប្រទេសសិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាកីឡាអូឡាំពិកសិង្ហបុរី(SNOC) សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ នៅកម្ពុជា លោកបណ្ឌិត Hing Siong Chen ដែលទើបតែមកដល់កម្ពុជា បានប៉ុន្មានថ្ងៃប៉ុណ្ណោះ លោកក៏បានសម្តែងការកោតសរសើរពេញចិត្តនឹងការរៀបចំរបស់កម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ទាំងកន្លែងប្រកួត ភូមិកីឡា និងម្ហូបអាហារ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានសឹង្ហបុរី Channel News Asia នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត Hing Siong Chen បាននិយាយបន្ទាប់ពីចូលរួមក្នុងកម្មវិធីស្វាគមន៍ប្រតិភូកីឡាអាស៊ីអាគ្នេយ៍ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងរាជធានីភ្នំពេញ ដោយលោកបាននិយាយថា ប្រទេសម្ចាស់ផ្ទះ (កម្ពុជា) ធ្វើបានល្អហើយ។

ថ្លែងប្រាប់ CNA លោកបានឱ្យដឹងទៀតថា លោកបានដឹកនាំក្រុមកីឡាករ កីឡាការិនី ទៅមើលទីតាំងប្រកួតជាច្រើនដែរ នៅភ្នំពេញ ដូចជាកន្លែងប្រកួតកីឡា cricket, កីឡាហុកគី និងបានធ្វើដំណើរកម្សាន្តជុំវិញអាងហែលទឹក។ ថែមទាំងបានកោតសរកន្លែងហាត់ប្រាណថ្មី ដែលធំទូលាយ ដែលអាចឱ្យអត្តពលិកហ្វឹកហាត់ដោយផាសុកភាព។

លោកបានបន្តទៀតថា «ពួកគេ (កម្ពុជា) ដឹងពីអ្វីដែលអត្តពលិកត្រូវការ ពួកគេបានគ្រោងទុកវាយ៉ាងល្អ»។ លោកបណ្ឌិត ក៏បានកោតសរសើរចំពោះភូមិកីឡា ដោយលោកលើកឡើងថា ពិតជាថ្មី ស្អាត មានផាសុកភាព មានម៉ាស៊ីនត្រជាក់ ទឹកក្តៅទឹកត្រជាក់សម្រាប់ប្រើប្រាស់ មានកន្លែងបោកអ៊ុត ថែមទៀត។ លោកបានបន្ថែមថា រហូតមកដល់ពេលនេះ អត្តពលិករបស់ក្រុមសិង្ហបុរីបានសម្របខ្លួនបានយ៉ាងល្អ។

ចំពោះអាហារ លោកបណ្ឌិត ក៏បានកោតសរសើរម្ហូបដែលកម្ពុជាបានរៀបចំក្រោយពីបានទទួលទានជាមួយអត្តពលិកអំឡុងពេលអាហារពេលព្រឹក និងអាហារពេលល្ងាច។

ជាមួយគ្នានេះលោកក៏បានលើកឡើងថា «វានឹងមានកំហុសតិចតួច ប៉ុន្តែវាកើតឡើងរាល់ពេលស៊ីហ្គេម ហើយអ្វីដែលសំខាន់គឺគេទទួលយកបាននូវអ្វីដែលយើងប្រាប់គេ។ ថ្ងៃបន្ទាប់យើងមានប្រជុំ CDM ព្រឹកហ្នឹង គេបានកែសម្រួលហើយ។ ពួកគេរីករាយណាស់ដែលបានឮពីអ្វីបន្ថែមទៀតដែលយើងត្រូវការ ហើយពួកគេតែងតែនៅទីនោះ ត្រៀមខ្លួនជួយជានិច្ច»៕

Share This Post: