រដ្ឋបាលខេត្តប៉ៃលិន រៀបចំដាក់ស្លាយផ្សាយបន្តផ្ទាល់ការប្រកួតកីឡាស៊ីហ្គេម ចំនួន ៤ទីតាំង
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍របស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានរៀបចំដាក់បញ្ចាំង ស្លាយ ដើម្បីចាក់ផ្សាយបន្តផ្ទាល់ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី៣២ ក្នុងនាម កម្ពុជាជាម្ចាស់ផ្ទះ ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន បានទស្សនាបើទោះបីជាមិនបានទៅទស្សនាផ្ទាល់ ។

ជាក់ស្តែងនៅរាត្រី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំចាក់ស្លាយ ផ្សាយបន្តផ្ទាល់ចំនួន ៤ទីតាំង ក្នុងព្រឹត្តការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ លើវិញ្ញាសា កីឡាបាល់ទាត់បុរស U22 កម្ពុជា ជំនួបជាមួយ U22 ហ្វីលីពីន ជូនដល់បងប្អូនប្រជាពលរដ្ឋទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ ប្រកបដោយមោទនភាពជាតិ ដើម្បីបង្ហាញពីការគាំទ្រដល់កីឡាករ កីឡាការិនីកម្ពុជាយើង ក៏ដូចជាអបអរសាទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដើម្បីបង្កើតនូវបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងសាធារណជន ដែលស្រឡាញ់ និងគាំទ្រវិស័យកីឡា រដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរព័ត៌មានខេត្ត និងមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ត ធ្វើការរៀបចំការផ្សាយផ្ទាល់ ចំនួន ៤ទីតាំងក្នុងខេត្តប៉ៃលិន ដូចខាងក្រោម ៖ទី១-នៅបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ទី២-ផ្សារប៉ាងរលឹម ភូមិប៉ាងរលីម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទី៣-តំបន់ផ្សារសាលាក្រៅ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងទី៤-តំបន់ផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
កញ្ញា ជា លាងហេង ជាយុវតីម្នាក់រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ នៅពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ក្នុងនោះដែរកញ្ញាក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តប៉ៃលិន ដែលបានរៀបចំឱ្យមានការផ្សាយនាពេលនេះ ហើយក៏សំណូមពរដល់ប្រជាពលរដ្ឋត្រូវរក្សាសណ្តាប់ធ្នាប់សង្គម ជាពិសេសត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចៀសវាងការចោលពាលវាលពាលកាល។
ចំណែកលោក ផល ឧត្តម ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិប៉ាហ៊ីជើង បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានរៀបចំបញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់នាពេលនេះ ថែមទាំងមានការឧបត្ថម្ភ ជាទឹកបរិសុទ្ធ និង ភេសជ្ជៈ ដោយឥតគិតថ្លៃ សម្រាប់ប្រជាពលរដ្ឋមកទស្សនាផងដែរ។
សូមបញ្ជាក់ថា៖ ក្នុងការប្រកួតរវាងកម្ពុជា និងហ្វីលីពីន នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅម៉ោង ៧យប់ថ្ងៃទី២ឧសភានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កម្ពុជា បាននាំមុខហ្វីលីពីន នៅនាទី ២៦ ដោយកីឡាករ គី រីណា។ ប៉ុន្តែនៅម៉ោងបន្ថែម ក្នុងតង់ទី២ ហ្វីលីពីន រកបានមួយគ្រាប់វិញ ដោយកីឡាករ Carino នៅនាទី៩០+២។ យ៉ាងណាក៏ដោយ ឆ្លងកាត់ការប្រកួត ២លើកកន្លងមកនេះ កម្ពុជា ទទួលបាន ៤ពិន្ទុ ដោយនៅតែបន្តឈរលើកំពូលតារាង ក្នុងពូល A ក្រោយយកឈ្នះទីម័រខាងកើត ៤-០ កាលពីថ្ងៃទី២៩មេសា និងស្មើជាមួយហ្វីលីពីន នៅថ្ងៃទី២ឧសភា៕



ប្រភព៖ ក្រសួងព័ត៌មាន