ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋ និងឈប់វាយប្រហាររឿងសំបុត្រចូលទស្សនាស៊ីហ្គេម

BY
Naren
May 3, 2023

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសូមការយោគយល់ពីប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស និងស្នើឲ្យឈប់វាយប្រហារតាមបណ្ដាញសង្គមជុំវិញសំបុត្រចូលទស្សនាការប្រកួតកីឡាបាល់ទាត់ ក៏ដូចជាពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដ្បិតពហុកីឡដ្ឋាន ឬទីកន្លែងរៀបចំ អាចផ្ទុកអ្នកទស្សនាផ្ទាល់មួយចំនួនកំណត់។ នេះបើយោងតាមការចុះផ្សាយរបស់ Cambodia 2023 នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ដូច្នេះ តាមរយៈតេឡេក្រាមផ្លូវការរបស់សម្ដេច នៅល្ងាចថ្ងៃទី០៣ ខែឧសភា ពោលគឺ ២ថ្ងៃមុនពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បន្ទាប់ពីសម្ដេចបានមើលឃើញបញ្ហាសំបុត្រ បានក្លាយជាប្រធានបទក្ដៅមួយ ត្រូវបានលើកមកជជែកវែកញែកគ្នាលើបណ្ដាញសង្គម រហូតបង្កឲ្យមានការវាយប្រហារលើគណៈកម្មាការរៀបចំថែមទៀត ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ពាក់ព័ន្ធសំបុត្រចូលរួមបើក-បិទ និងការចូលរួមមើលកីឡាបាល់ទាត់ បានក្លាយជាប្រធានបទ នៃការវែកញែក ។ ក្នុងចំណុចនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ សុំការអធ្យាស្រ័យពីបងប្អូនជនរួមជាតិជាទីស្រលាញ់ ព្រោះបញ្ហានេះ វាជាកត្ដាសត្យានុម័ត ដែលយើងមិនអាចដោះស្រាយបាន ដោយសារតែស្ដាតយើង ស្ដាតចាស់(ពហុកីឡដ្ឋានជាតិអូឡាំពិក) អាចទទួលបានតែកម្រិត ៣-៤ម៉ឺននាក់ ក្នុងពេលដែលមនុស្សចង់ចូលមើល ៣០ម៉ឺននាក់ ឬ ៥០ម៉ឺននាក់ គ្រាដែលស្ដាតថ្មី(ពហុកីឡដ្ឋានជាតិមរតកតេជោ) ដែលនឹងធ្វើពិធីបើក-បិទ អាចដាក់បានចំណុះ ៦ម៉ឺន ឬ ៧ម៉ឺននាក់ ក៏ប៉ុន្ដែមនុស្សចង់មើល គឺឈានដល់កម្រិតកន្លះលាននាក់» ។

«ដូច្នេះអ្នកដែលបានទទួល ពិតជាសប្បាយរីករាយ អ្នកដែលមិនបានទទួល គឺពិបាកចិត្ត ហើយពេលខ្លះ ក៏មានការរិះគន់តាមរយៈ Facebook មកលើអ្នកចាត់ការ ។ ប៉ុន្ដែខ្ញុំ ព្រះករុណាខ្ញុំ សូមបញ្ជាក់ថា យើងគ្មានជម្រើសឲ្យល្អជាងនេះទៀតទេ យើងមានទីធ្លារត្រឹមប៉ុណ្ណឹង កន្លែងយើងតូច ប៉ុន្ដែមនុស្សចង់ចូលមើលច្រើន ដូច្នេះយើងមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានទេ ។ ជំនួសមកវិញ យើងបានរៀបចំឲ្យមានការបញ្ចាំងស្លាយ(LED) ដើម្បីបងប្អូនមើលនៅខាងក្រៅ បម្រើឲ្យការកម្សាន្ដសប្បាយរ៉ាប់ម៉ឺននាក់ទូទាំងប្រទេស មិនមែននៅតែត្រឹមខេត្តទេ គឺធ្វើទៅតាមស្រុក ឃុំ និងទីអារាមនានាទៀត ដែលប្រជាជនរបស់យើងសប្បាយរីករាយ» ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍បន្ដថា «ខ្ញុំព្រះករុណាខ្ញុំ សុំចិត្តបងប្អូនយោគយល់ ចំពោះការលំបាកមួយនេះ ដែលរាជរដ្ឋាភិបាល គ្មានលទ្ធភាពនឹងដោះស្រាយនោះទេ ។ អ្នកដែលទទួលបាន គឺសប្បាយចិត្ត អ្នកមិនបានទទួល មិនសប្បាយចិត្ត ។ រឿងនេះ វាមិនមែនកើតតែក្នុងប្រទេសកម្ពុជានោះទេ វាកើតតែស្ទើរគ្រប់ប្រទេស ។ ប្រទេសគេលក់សំបុត្រ អ្នកខ្លះទិញបានសំបុត្រសប្បាយចិត្ត អ្នកខ្លះទិញមិនបាន ក៏មិនអាចសប្បាយចិត្ត ។ ឯនៅប្រទេសយើង យើងអត់មានលក់សំបុត្រទៅទៀត គឺអ្នកចង់ចូលរួមកាន់តែច្រើន តែយើងអត់មានលទ្ធភាពបន្ថែមចំនួនឲ្យលើសពីចំណុះ ដែលត្រូវបានកំណត់ជាស្ដង់ដារ សម្រាប់ការចូលរួមដើម្បីចៀសវាងនូវការហានិភ័យគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ ។

យ៉ាងណាមិញសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកមានសំបុត្រ ចាំបាច់ត្រូវទៅទស្សនា តែបើពុំបានទៅចូលរួម ត្រូវប្រគល់សំបុត្រឲ្យអ្នកផ្សេង ដូចជាមិត្ដភ័ក្ដ្រ បងប្អូនជាដើម ដែលពុំមានសំបុត្រ ដើម្បីចៀសវាងកុំឲ្យអ្នកបានសំបុត្រមិនទៅមើល បែរជាអ្នកគ្មានសំបុត្រចង់ទៅមើល មិនបានទៅវិញ។ នេះជាដំណោះស្រាយ ហើយសង្ឃឹមថា ប្រជាជន បងប្អូនស្រលាញ់វិស័យកីឡា នឹងយោគយល់អធ្យាស្រ័យ ចំពោះរាជរដ្ឋាភិបាល ចំពោះគណៈកម្មការរៀបចំការប្រកួត ក៏ដូចជាទីកន្លែងប្រកួតនីមួយៗ» ។

សម្ដេចតេជោបន្ថែមថា ៖«សុំយោគយល់អធ្យាស្រ័យ ហើយសុំរក្សានូវភាពថ្លៃថ្នូរ ហើយសូមបងប្អូនយោគយល់ កុំវាយប្រហារ តាមរយៈបណ្ដាញសង្គម វាមិនយុត្ដិធម៌ ចំពោះអ្នកដែលកំពុងប្រឹងប្រែង សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ សូម្បីតែបងប្អូនអ្នកមកពីក្រៅប្រទេស និងជនបរទេសខ្លះ ក៏មានការលើកឡើងពីបញ្ហានេះ ប៉ុន្ដែខ្ញុំព្រះករុណាខ្ញុំគិតថា ប្រហែលជាយើងខ្វះការពន្យល់ពីដើមទីឲ្យដឹងថា ចំនួននេះ គឺជាចំនួនដែលយើងមានត្រឹមតែប៉ុណ្ណឹងក្នុងពេលមនុស្សមានច្រើនជាងហ្នឹង។ ដូច្នេះហើយសង្ឃឹមថា បងប្អូននឹងយល់អធ្យាស្រ័យ ព្រោះថាទីកន្លែងមានកម្រិត ក្នុងពេលដែលសេចក្ដីត្រូវការរបស់មនុស្សលើសពីចំនួនកំណត់ច្រើនដង» ។

ជាមួយគ្នាដែរ សម្ដេចតេជោ បានលើកទឹកចិត្ត និងជំរុញឲ្យអាជ្ញាធររាជធានី-ខេត្ត ស្រុក ឃុំ រហូតដល់ទីអារាមនានា ដែលមានលទ្ធភាពអាចរៀបចំបាន សូមរៀបចំនូវស្លាយ(LED) ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ បានទស្សនាការប្រកួតកីឡាគ្រប់ទីកន្លែង ពិសេសពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម ដែលប្រជាពលរដ្ឋទៅចូលរួមមិនបានគ្រប់ៗគ្នាតែម្ដង៕ ប្រភព៖ CAMBODIA 2023

Share This Post: