ខ្មែរណូត

ស្វែងរក

SEA GAMES

អបអរសាទរ! ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា យកឈ្នះលើក្រុមជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ៣សិតទល់០

BY Khmernote Media May 5, 2023
អបអរសាទរ! ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា យកឈ្នះលើក្រុមជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ៣សិតទល់០

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ស សុខា បានឱ្យដឹងថា ក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះក្នុងការប្រកួតពូល A ប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា យកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិហ្វីលីពីន ក្នុងលទ្ធផល ៣សិតទល់០ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ លើទីលានវិមានពហុកីឡដ្ឋានជាតិ។

លទ្ធផលនេះជាការចាប់ផ្ដើមដ៏ល្អមួយទៀតរបស់ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាយើង បន្ទាប់ពីបានយកឈ្នះលើក្រុមកីឡាបាល់ទះជម្រើសជាតិសិង្ហបុរី កាលពីរាត្រីម្សិលមិញ ក្នុងលទ្ធផល ៣សិតទល់០ ក៏ប៉ុន្តែយើងនៅសល់ការប្រកួតជាច្រើនដើម្បីស្វែងរកឱកាសឡើងទៅជុំបន្តៗទៀត។

ក្នុងនាមអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមទស្សនាលើកទឹកចិត្តដល់កីឡាករយើងនៅទីលានផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស។

ជាមួយគ្នានេះដែរ ក៏ស្នើដល់ពុកម៉ែ បងប្អូនទាំងអស់ សូមបន្តនូវការគាំទ្រអត្តពលិកកម្ពុជាគ្រប់ប្រភេទកីឡាទាំងអស់នៅតាមទីលាន និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករយើង ឆ្ពោះទៅដណ្តើមមេដាយជូនជាតិមាតុភូមិនៃយើង។

សូមជូនពរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ក៏ដូចជាក្រុមកីឡាករ កីឡាការិនី គ្រប់ប្រភេទកីឡាទាំងអស់របស់កម្ពុជា មានសុខភាព កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដណ្តើមបានមេដាយជូនព្រះរាជាណាចក្រកម្ពុជាកុំបីខាន៕

ប្រភព៖ Sar Sokha

Share This Post: