កូនខ្មែររស់នៅបារាំង សម្រេចការជិះកង់បានចំងាយ ២៣០២ គីឡូម៉ែត្រប្រើពេល ៤០ថ្ងៃ ដើម្បីអបអរ កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣
កូនខ្មែររស់នៅប្រទេសបារាំងមួយរូប បានសម្រេចការជិះកង់ក្នុងចំងាយ ២៣០២ គីឡូម៉ែត្រ ដោយប្រើរយៈពេល ៤០ថ្ងៃ ដើម្បីអបអរសាទរប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេមឆ្នាំ២០២៣។ បុរសខ្មែររូបនេះមានឈ្មោះថា ផូ ផល្លា រស់នៅទីក្រុងប៉ារីស ប្រទេសបារាំង។

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក ផូ ផល្លា បានឱ្យដឹងថា លោកបានបញ្ចប់ការជិះកង់ក្នុងរយៈពេល ៤០ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែមីនា មកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងទីក្រុង តំបន់ជាយក្រុងប៉ារីស និងខេត្ត នៅក្នុងប្រទេសបារាំង បានចំងាយ ២៣០២ គីឡូម៉ែត្រ ជាមួយនឹងកង់ដែលផលិតនៅប្រទេសកម្ពុជា (MADE IN CAMBODIA)។
ដោយឡែកយោងតាមកិច្ចសម្ភាសន៍តាមសារអេឡិចត្រូនិចរបស់លោក ផល្លា ជាមួយសារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា នៅពេលមកដល់ប្រទេសបារាំង ក្នុងឆ្នាំ២០២២ លោកបានប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ សម្រាប់ជិះនៅទីក្រុង ប៉ារីស និងតំបន់ជុំវិញទីក្រុងប៉ារីស ហើយក្នុងរយៈពេលមួយឆ្នាំ២០២២ លោកបានជិះកង់បានចំងាយ ៥១៧៨គីឡូម៉ែត្រ។ មកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅពេលដែលដឹងថា ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងរាប់ថយក្រោយ ១០០ថ្ងៃ នោះ លោកបានដាក់គោលដៅជិះកង់ឱ្យបាន ៥០០០គីឡូម៉ែត្រ ប៉ុន្តែដោយសារលោកមិនទាន់ទុកចិត្តខ្លួនឯង ក៏សម្រេចចិត្តដាក់គោលដៅជិះឱ្យបាន ២០២៣គីឡូម៉ែត្រ ដោយប្រើរយៈពេល ៤០ថ្ងៃ ដោយតួលេខនេះ គឺសំដៅទៅលើឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។
លោកបានបន្តឱ្យដឹងថា លោកបានចាប់ផ្ដើមជិះកង់ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ រហូតមកដល់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ដោយបានជិះកង់ ភាគច្រើនគឺជិះនៅទីក្រុងប៉ារីស និងតំបន់ជុំវិញទីក្រុង និងទៅតាមខេត្តម្ដងម្កាល បន្ទាប់ពីទំនេរពីការងារ។ លោក ផល្លា ធ្វើការជិះកង់តែម្នាក់ឯងតែប៉ុណ្ណោះ ហើយក៏ជាការស្ម័គ្រចិត្ត មិនមានការឧបត្ថម្ភណាមួយឡើយ។
សូមបញ្ជាក់ផងដែរថា លោក ផូ ផល្លា បានមកប្រទេសបារាំងកាលពីចុងឆ្នាំ២០២១ ក្នុងនាមជាគ្រួសារមន្ត្រីការទូតខ្មែរ ប្រចាំទីក្រុងប៉ារីស ហើយនៅពេលបញ្ចប់បេសកកម្មការងារលោកនឹងវិលត្រលប់មកប្រទេសកម្ពុជាវិញ។ ការជិះកង់ជាប្រភេទកីឡាដែលលោកចូលចិត្តជាងគេ។ ជាមួយគ្នានេះដែរ លោកក៏បានប្រកាស ស្ម័គ្រចិត្តចូលរួម ប្រសិនបើបងប្អូនមានគម្រោងធ្វើការងារមនុស្សធម៌ ត្រូវការអ្នកជិះកង់ លោកអាចស្ម័គ្រចិត្តចូលរួមជួយជិះរយៈពេល១០០ថ្ងៃ ចំងាយ ៥០០០ គីឡូម៉ែត្រ ដោយចាប់ផ្តើមពីខែ មិថុនា- សីហា ឆ្នាំ២០២៣ នៅក្នុងប្រទេសបារាំង និងប្រទេសមួយចំនួននៅក្នុងអឺរ៉ុប៕






អត្ថបទ៖ លីនី