ខ្មែរណូត

ស្វែងរក

SEA GAMES

កាសែតថៃ ចុះផ្សាយពីការតស៊ូកីឡាការិនីកម្ពុជា ប៊ូ សំណាង ប្រឹងរត់ទាំងកណ្ដាលភ្លៀង ក៏មិនព្រមបោះបង់ចោលការប្រកួត ទទួលបានការកោតសរសើរ

BY Khmernote Media May 9, 2023
កាសែតថៃ ចុះផ្សាយពីការតស៊ូកីឡាការិនីកម្ពុជា ប៊ូ សំណាង ប្រឹងរត់ទាំងកណ្ដាលភ្លៀង ក៏មិនព្រមបោះបង់ចោលការប្រកួត ទទួលបានការកោតសរសើរ

កីឡាការិនី ប៊ូ សំណាង បានកំពុងធ្វើឱ្យមហាជនជាច្រើនម៉ឺននាក់ទាំងក្នុង និងក្រៅប្រទេស ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារនាងរត់ទាំងកណ្តាលភ្លៀង មិនព្រមបោះបង់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ទោះដឹងថាមិនបានមេដាយក្តី តែនាងមិនបោះបង់ការប្រកួតនោះទេ ពោលនាងរត់ម្នាក់ឯង ទាល់តែដល់គោលដៅ។

បើយោងតាមគណនីហ្វេសប៊ុកពីកាសែតថៃមួយឈ្មោះ Main Stand បានបង្ហោះរូបភាពជាច្រើនសន្លឹក អមជាមួយការសរសេររៀបរាប់ថា៖ កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង បន្តរត់រហូតដល់មានភ្លៀងធ្លាក់យ៉ាងខ្លាំងប្រហែល ៧នាទី បន្ទាប់ពីអត្តពលិកផ្សេងទៀតរត់ទៅដល់ជួរអស់ នាងបានបន្តរត់រហូតដល់ទីបញ្ចប់ ទោះបីជានាងជាអ្នកចុងក្រោយគេក៏ដោយ។

មនុស្សជាច្រើន ដែលកំពុងទស្សនានៅទីនោះ បានឈរតម្រង់ជួរ ដើម្បីទះដៃអបអរសាទរកីឡាករិនី ប៊ូ សំណាង ពេលដែលនាងឆ្លងផុតទីកន្លែងបញ្ចប់ នាងស្រាប់តែយំ និងលើកដៃសំពះអរគុណអ្នកដែលស្រលាញ់ និងគាំទ្រនាង នៅក្រោមដំណក់ទឹកភ្លៀង ព្រមជាមួយនិងការកាន់ទង់ជាតិខ្មែរទៀតផង។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្ថែមថា៖ វាជាថ្ងៃដែលខ្ញុំឃើញមនុស្សយំ ដោយ​មិន​បាន​ឃើញ​ទឹក​ភ្នែក ប៉ុន្តែ​មើល​ទៅ​ខ្ញុំ​មាន​អារម្មណ៍​ដឹង​គុណ​ជា​ខ្លាំង។ ហើយ​អរ​សប្បាយ​ជាមួយ​គាត់​រហូត​ដល់​​ខ្ញុំ​ត្រូវ​យក​កាមេរ៉ា​មក​ថតរូបគាត់។ កាសែតថៃ បានបន្តថា ខ្ញុំមិនដឹងមូលហេតុពិតដែលនាងយំទេ តើមានអ្វីលើសពីនេះទេ? ខ្ញុំជឿជាក់ថា នៅក្នុងពិភពនៃការប្រកួតប្រជែង អ្នកដល់គោលដៅមុនគេ គឺជាអ្នកលឿនជាងគេ។ ប៉ុន្តែនៅក្នុងពិភពនៃជីវិតពិត ជំហានដែលអ្នកដើរ គោលដៅដែលអ្នកកំពុងតែឆ្ពោះទៅរក និងទីបញ្ចប់របស់វា គឺមិនមែនកំណត់ដោយពេលវេលានោះទេ។ ខ្ញុំគិតថាមិនមានច្បាប់រឹងមាំណាមួយ ដែលថាអ្នកដើរយឺតមិនអាចទទួលបានជោគជ័យរហូតនោះទេ។ វេទិកានៃជីវិតពេលខ្លះវាមិនអាចវាស់បានតាមពេលវេលា “យឺត ឬលឿន អ្នកអាចទៅដល់គោលដៅរបស់អ្នក” ៕

ប្រភព៖ Main Stand

Share This Post: