ប្រភេទកីឡាវ៉ូវីណាម បញ្ចប់ការប្រកួតជាស្ថាពរ ខណៈកម្ពុជាឈរលេខ១ លើកំពូលតារាងមេដាយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រភេទកីឡាវ៉ូវីណាម នៃស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតជាស្ថាពរហើយ នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និបាត និងពិព័រណ៍អន្តរជាតិចង្វារ (OCIC) ដោយម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយច្រើនជាងគេ និងឈរលេខ១លើកំពូលតារាងមេដាយ ក្នុងចំណោម៧ប្រទេសដែលបានចូលរួម។
បន្ទាប់ពីដំណើរការប្រកួតយ៉ាងសកម្មអស់រយៈពេល៤ថ្ងៃ ប្រភេទកីឡាវ៉ូវីណាមបានបញ្ចប់ដោយជោគជ័យលើវិញ្ញាសរុបចំនួន៣០ ស្មើនឹង៣០មេដាយមាស ដោយម្ចាស់ផ្ទះកម្ពុជាឈរលើកំពូលតារាងមេដាយសរុប២៧គ្រឿង ក្នុងនោះមេដាយមាស១០គ្រឿង មេដាយប្រាក់៨គ្រឿង និងមេដាយសំរឹទ្ធ៩គ្រឿង។ ចំពោះចំណាត់ថ្នាក់លេខ២ គ្រប់គ្រងដោយប្រទេសវៀតណាម សរុប២០គ្រឿង ក្នុងនោះមេដាយមាស៧ ប្រាក់១២ និងសំរឹទ្ធ១ ខណៈថៃ ឈរលេខ៣ ទទួលបានមេដាយសរុប ១៦ ក្នុងនោះមាស ៥ ប្រាក់៣ និងសំរឹទ្ធ៨។ ចំពោះមីយ៉ាន់ម៉ា មេដាយមាស៤ ប្រាក់៣ និងសំរឹទ្ធ១៧ (សរុប ២៤គ្រឿង) ស្របពេលដែលឥណ្ឌូណេស៊ី មេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១៤ (សរុប១៨គ្រឿង)។ រីឯឡាវ មាស១ ប្រាក់១ និងសំរឹទ្ធ៥ ខណៈហ្វីលីពីនមិនទទួលបានមេដាយមាសឡើយ ដោយបានត្រឹមមេដាយប្រាក់២ និងសំរឹទ្ធ៦។
បើយោងលើសន្ទស្សន៍មេដាយមាសរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលបានដាក់ចេញជាគោលដៅ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់នូវមេដាយមាសចំនួន៩គ្រឿង ប៉ុន្តែឆ្លងកាត់សមិទ្ធផលនេះ សហព័ន្ធវ៉ូវីណាមកម្ពុជាបានសម្រេចជាលទ្ធផលមេដាយមាសចំនួន១០គ្រឿង សម្រាប់ជាតិមាតុភូមិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕




ប្រភព៖ ក្រសួងព័ត៌មាន