សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង ដើម្បីជាការលើកទឹកចិត្ត
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង ដើម្បីលើកទឹកចិត្ត សម្រាប់ការអត់ធ្មត់ តស៊ូរត់ទាំងកណ្តាលភ្លៀងធ្លាក់រហូតដល់ទីបញ្ចប់ ក៏មិនព្រមបោះបង់ការប្រកួតលើវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ។
តាមរយៈខ្លឹមសារក្នុងប្រព័ន្ធតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីតែខ្ញុំក៏នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាយើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ខ្ញុំ និងភរិយាសូមជួយឧបត្ថម្ភ ១ម៉ឺនដុល្លារ (10,000$)។ សូមលោកសេង ទៀងយកថវិការជូនកូន ស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ៕ »

