ក្រោយឈ្នះមេដាយសំរឹទ្ធ កីឡាករទ្រីយ៉ាត្លុងរបស់សិង្ហបុរី បានសុំមិត្តស្រីដែលទាក់ទងគ្នាជាច្រើនឆ្នាំរៀបការ នៅឯឆ្នេរកែបរបស់កម្ពុជា (មានវីដេអូ)
- BY
- autoadmin
- May 10, 2023
កាលពីថ្ងៃច័ន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កីឡាករទ្រីយ៉ាត្លុងរបស់សិង្ហបុរី Bryce Chong បានសុំមិត្តស្រីរបស់គាត់ ដែលទាក់ទងគ្នាជាច្រើនឆ្នាំរៀបការ នៅឯឆ្នេរកែប របស់ប្រទេសកម្ពុជា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ បានលុតជង្គង់នៅនឹងមុខមិត្តស្រីរបស់គាត់ ដែលមានឈ្មោះថា Sheryl Foo មិនប៉ុន្មានម៉ោង បន្ទាប់ពីចប់ភារកិច្ចនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ។
លោក Bryce Chong បានសុំមិត្តស្រីរៀបការ នៅចំពោះមុខមិត្តរួមក្រុម និងមិត្តភ័ក្ដិ ដែលបានមកជួបជុំគ្នាដើម្បីធ្វើជាសាក្សីក្នុងឱកាសដ៏សំខាន់នេះ។
ជម្រាបដែរថា លោក Bryce Chong បានឈ្នះមេដាយសំរឹទ្ធដំបូងឱ្យសិង្ហបុរី សម្រាប់វិញ្ញាសាអាគ័រត្លុងផ្នែកបុរស (aquathlon) កាលពីថ្ងៃសៅរ៍ ប៉ុន្តែគាត់ធ្វើបានត្រឹមចំណាត់ថ្នាក់ទី៥ប៉ុណ្ណោះ ក្នុងវិញ្ញាសាទ្រីយ៉ាត្លុងកាលពីថ្ងៃច័ន្ទ។ ដំបូងឡើយ គាត់គិតចង់សុំមិត្តស្រីរៀបការនៅកន្លែងប្រារព្ធពិធីទទួលមេដាយ ប៉ុន្តែមានមនុស្សច្រើនពេកទើបគាត់មកសុំនាងរៀបការនៅឯឆ្នេរកែបវិញ។ ទោះបីជាគាត់បានភ័យផង អរផងយ៉ាងណាក៏ដោយ មិត្តស្រីរបស់គាត់ក៏បាន «យល់ព្រម» ចំពោះសំណើសុំរៀបការរបស់លោក Bryce Chong យ៉ាងរីករាយបំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times
- Share This Post:






