កម្ពុជា ឈ្នះមេដាយមាស ៥គ្រឿង ប្រាក់១ និងសំរឹទ្ធ២ លើប្រភេទកីឡាគុនខ្មែរ កាលពីម្សិលមិញ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាបានឈ្នះដាយមាស ៥គ្រឿង ប្រាក់១ និងសំរឹទ្ធ២គ្រឿង លើប្រភេទកីឡា គុនខ្មែរ ដែលបានបញ្ចប់៨វិញ្ញាសា នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
មេដាយមាស ប្រាក់ និងសំរឹទ្ធសរុប៨គ្រឿងរបស់ម្ចាស់ផ្ទះកម្ពុជា នៅថ្ងៃនេះ រួមមាន៖ កីឡាករ ម៉ាប់ ធារ៉ា ឈ្នះមេដាយមាស១ លើវិញ្ញាសា គុនខ្មែរ បុរស ទម្ងន់ ៤៥គីឡូក្រាម, ទី២ កីឡាករគុនខ្មែរ ឡុង ពិសិដ្ឋ បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៤៨គីឡូក្រាម ទី៣ កីឡាករគុនខ្មែរ ខាំ ខ្លានាង បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៥១គីឡូក្រាម ទី៤ កីឡាករគុនខ្មែរ ហ៊ីម គឹមរៀង បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៥៤គីឡូក្រាម និងទី៥ កីឡាករ ឡៅ ចិត្រា បានឈ្នះមេដាយមាស លើវិញ្ញាសា គុនខ្មែរបុរស ទម្ងន់ ៦៧គីឡូក្រាម។ ចំណែកកីឡាការិនីគុនខ្មែរ សំ សំណាង បានឈ្នះមេដាយប្រាក់ លើវិញ្ញាសា គុនខ្មែរនារី ទម្ងន់ ៦០គីឡូក្រាម និងកីឡាការិនីគុនខ្មែរ ម្នាក់ទៀតបានត្រឹមមេដាយសំរិទ្ធ។
សូមជម្រាបជូនថា សរុបមកដល់ ពេលនេះ កម្ពុជាបានឈ្នះមេដាយសរុបចំនួន ១០គ្រឿង ក្នុងនោះមេដាយមាស ៧គ្រឿង ប្រាក់១ និងសំរឹទ្ធ ១គ្រឿង។ ដោយឡែកសម្រាប់ការប្រកួតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃចុងក្រោយលើប្រភេទកីឡា គុនខ្មែរ នៅសល់ ៩វិញ្ញាសាចុងក្រោយ៕





ប្រភព៖ ក្រសួងព័ត៌មាន