ខ្មែរណូត

ស្វែងរក

SEA GAMES

សម្តេចពិជ័យសេនា ទៀ បាញ់ បានជួបលើកទឹកចិត្តដល់អត្តពលិកកម្ពុជារស់នៅក្រៅប្រទេស មុនពេលដែលពួកគេត្រូវត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ

BY Khmernote Media May 11, 2023
សម្តេចពិជ័យសេនា ទៀ បាញ់ បានជួបលើកទឹកចិត្តដល់អត្តពលិកកម្ពុជារស់នៅក្រៅប្រទេស មុនពេលដែលពួកគេត្រូវត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអនុញ្ញាតដល់ក្រុមអត្តពលិកកម្ពុជា រស់នៅក្រៅប្រទេស ដែលម្ចាស់ជ័យលាភីជាម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធចូលជួប មុនពេលដែលពួកគេត្រូវជម្រាបលាពីមាតុភូមិកម្ពុជាទៅកាន់ប្រទេសរៀងៗខ្លួនវិញ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកីឡាករ កីឡាការិនី កម្ពុជារស់នៅក្រៅប្រទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់នាពេលកន្លងមករហូតដល់ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ទទួលបានមេដាយមាស ប្រាក់ សំរឹទ្ធ ជូនជាតិមាតុភូមិយើងប្រកបដោយវិជ្ជាជីវៈ គុណផល ភាពថ្លៃថ្នូរក្នុងនាមជាម្ចាស់ផ្ទះ និងបានលើកតម្កើងកិត្តិនាម កេរ្តិ៍ឈោ្មះកម្ពុជា នៅក្នុងតំបន់ និងសកលលោក។

សម្តេចពិជ័យសេនាមានប្រសាសន៍ទៀតថា ជោគជ័យដែលក្មួយៗទទួលបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ទោះបីទៅរស់នៅប្រទេសណាក៏ដោយ ប៉ុន្តែពុំដែលបោះបង់ចោលប្រទេសជាតិមាតុភូមិរបស់ខ្លួនឡើយ ហើយគ្រប់ពេលវេលាដែលប្រទេសជាតិត្រូវការ ក្មួយៗក៏ដូចជាប្រជាពលរដ្ឋដទៃទៀតតែងតែចូលរួមគាំទ្រលើកតម្កើងកិត្តិនាម កេរ្តិ៍ឈ្មោះប្រទេសជាតិនៅលើឆាកអន្តរជាតិ។ ទាំងអស់នេះ បានបង្ហាញពី ឆន្ទៈស្នេហាជាតិ ស្រឡាញ់ជាតិមាតុភូមិរបស់យើង នោះគឺការសាមគ្គីភាព ឯកភាពជាតិ បាននាំមកនូវ ជោគជ័យនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ពិសេសវិស័យកីឡា ដែលជាវិស័យមួយតម្រូវឱ្យ យុវជនទាំងក្នុង និងក្រៅប្រទេសរួមគ្នាលើកតម្កើងឱ្យកាន់តែខ្លាំងក្លាថែមទៀត៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

Share This Post: