កាមេរ៉ារបស់ជនជាតិហ្វីលីពីន ដែលម្ចាស់ហាងទិញពីពូកង់បី (400$) ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយ ខណៈពូកង់បីត្រូវបានសមត្ថកិច្ចកំពុងសួរនាំតាមជំនាញ
យោងតាមអ្នកសារព័ត៌មានក្នុងស្រុកម្នាក់ បានបញ្ជាក់ប្រាប់ថា កាមេរ៉ារបស់ជនជាតិហ្វីលីពីនមួយក្រុម ដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍ស៊ីហ្គេម ត្រូវបានម្ចាស់ហាង “Sabbay Nash Camera Shop” ប្រគល់ជូនទៅម្ចាស់ដើមវិញហើយ ដោយមិនយកប្រាក់ឡើយ។ ការប្រគល់ជូននេះ បានធ្វើឡើងបន្ទាប់ពីខាងហាង ទិញពីពូកង់បីដែលដឹកជនជាតិហ្វីលីពីន ក្រោយពិនិត្យមេីលរួច ក៏បង្ហោះស្វែងរកម្ចាស់កាមេរ៉ានោះ និងបានទាក់ទងប្រគល់ជូនម្ចាស់ដេីមនោះតែម្ដង។
តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា ចំពោះអ្នករត់កង់បី ក្រុមការងារបានតាមរកឡើងមួយព្រឹក ពេលរកឃើញគាត់មិនព្រមសហការហើយបានព្យាយាមរត់គេចរហូតឃាត់ខ្លួនគាត់បាននៅផ្លូវជាតិលេខ១ មុខវត្តស្លាកែត ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារគគីរតែម្តង។ ក្រោយមក សមត្ថកិច្ចនាំទៅចង្អុលហាង ដែលគាត់យកកាមេរ៉ារបស់ភ្ញៀវបរទេសដែលភ្លេចលេីកង់បីទៅលក់ បាន400$ នៅមុខសណ្ឋាគារស ជិតផ្សាថ្មី ហើយក៏ត្រូវបានសមត្ថកិច្ចនាំទៅសួរនាំតាមជំនាញ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ។
សូមរម្លឹកថា យោងតាមការបង្ហោះរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ម៉ោងប្រហែល ៣ រសៀល មានជនជាតិហ្វីលីពីនមួយក្រុម ដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍អាស៊ានហ្គេម បានភ្លេចកាមេរ៉ានៅលើតុកៗ ពេលដែលគាត់ធ្វើដំណើរពីម្តុំវិមានឯករាជ្យ មកឈប់នៅម្តុំវាលមេន។ ក្នុងកាមេរ៉ានោះមានរូបថតព្រឹត្តិការណ៍មួយចំនួនធំ មិនទាន់បានកូពីចេញ ហើយកាមេរ៉ានោះមានតម្លៃថ្លៃគួរសមដែរ។ ពួកគាត់បានព្យាយាមស្វែងរក តែរកមិនឃើញ។ ពេលធ្វើដំណើរ គាត់បានថតរូបជាប់ពូតុកៗ ដោយចៃដន្យ៕





ប្រភព និងរូបភាព៖ បងម៉េងសារព័ត៌មាន