ខ្មែរណូត

ស្វែងរក

SEA GAMES

អនុប្រធានសហព័ន្ធចំបាប់កម្ពុជាជឿជាក់ថា កម្ពុជាអាចដណ្តើមមេដាយមាស៣គ្រឿង ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

BY Khmernote Media May 12, 2023
អនុប្រធានសហព័ន្ធចំបាប់កម្ពុជាជឿជាក់ថា កម្ពុជាអាចដណ្តើមមេដាយមាស៣គ្រឿង ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន ខេមអេដ មានសង្ឃឹមយ៉ាងម៉ុតមាំថា កីឡាករ-កីឡាការិនី ចំបាប់ជម្រើសជាតិកម្ពុជានឹង ដណ្តើមបានមេដាយមាស៣គ្រឿង ប្រាក់៣ និងសំរឹទ្ធ៣គ្រឿង នៅក្នុងព្រឹត្តិការណ៍ប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។

លោក ខេស៊ី បាណេត មានប្រសាសន៍ថា «ការខិតខំប្រឹងប្រែងកន្លងមករបស់កីឡាករ-កីឡាការិនីតាមរយៈការចូលរួម ប្រកួតជើងឯកទូទាំងក្នុងក្នុងប្រទេស និងថ្នាក់តំបន់ គឺជាជំហានត្រៀមខ្លួនយ៉ាងសំខាន់ ដើម្បីត្រៀមប្រកួតប្រជែង នៅក្នុងបេសកកម្មចំពោះមុខ ក្នុងការដណ្តើមមេដាយជូនប្រទេសជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក្នុងខែឧសភានេះ»។

ចំពោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គឺប្រភេទកីឡាចំ បាប់មានវិញ្ញាសាសរុបចំនួន៣០វិញ្ញាសា ក្នុងរយៈពេល៣ថ្ងៃពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២៣ ដោយក្នុង១ថ្ងៃៗមានការប្រកួតចំនួន១០វិញ្ញាសា ហើយនៅពេលល្ងាចៗនៃ ថ្ងៃនីមួយៗនឹងរៀបចំពិធីបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភី។

គួររម្លឹកថា កាលពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ កាលពីខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ប្រភេទកីឡាចំបាប់កម្ពុជាដណ្តើមបានមេដាយ សរុបចំនួន ៦គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង ប្រាក់១ និងសំរឹទ្ធ៤គ្រឿង។ មេដាយមាស១គ្រឿង ដណ្តើមបានដោយកីឡាករ ស៊ូ បាលី លើវិញ្ញាសាចំបាប់សេរី ទម្ងន់១២៥គីឡូក្រាម, មេដាយប្រាក់១គ្រឿង ដណ្តើមបានដោយកីឡាករ ម៉ូ សារី លើវិញ្ញាសា ចំបាប់សេរី ទម្ងន់ ៩៧គីឡូក្រាម និងមេដាយសំរឹទ្ធ៤គ្រឿង ដណ្តើមបានដោយកីឡាករ សឿន សុភាស់, កីឡាករ ហេង វុទ្ធី និងកីឡាការិនី ឌិត សំណាង និងកីឡាការិនី ជា កញ្ញា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: