កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ អស្ចារ្យមិនចាញ់កម្មវិធីបើកផ្លូវការនោះឡើយ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ អស្ចារ្យមិនចាញ់កម្មវិធីបើកផ្លូវការនោះឡើយ ដោយមានត្រៀមសម្តែងទស្សនីយភាពថ្មីៗមួយចំនួន ខុសប្លែកពីព្រឹត្តិការណ៍បើក ដើម្បីទុកជាការចងចាំនៅដល់ប្រជាជនកម្ពុជានិងពិភពលោក។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណ:កម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ បានមានប្រសាសន៍ថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ នឹងមានការរៀបចំដូចពិធីបើកផ្លូវការ ប៉ុន្តែមានការរួមបញ្ជូលទស្សនីយភាពថ្មីៗ ដែលបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ដែលមានភាពប្រណិត ស្រស់ស្អាត ស្តង់ដារ និងអស្ចារ្យ ដើម្បីឱ្យទស្សនិកជនដែលបានចូលរួម មានភាពសប្បាយរីករាយ ប្លែកភ្នែក និងចងចាំនូវព្រឹត្តិការណ៍នេះ ។
ឯកឧត្តមបន្តថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះ CAMSOC នៅតែចាត់ទុកការងារសន្តិសុខសណ្តាប់ធ្នាប់ជាអាទិភាពទី១ ដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលបានមកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍មួយនេះ ។
សំឡេង « ពិធីបិទយើងធ្វើនៅកម្រិតមួយសមរម្យប៉ុន្តែក៏មានភាពដោយឡែកនិងភាពអស្ចារ្យមួយផ្នែកទៀត ហើយការរៀបចំកម្មវិធីបិទនេះគឺសម្តែងនូវទស្សនីយភាពប្លែកៗនិងសំខាន់ៗ រួមមានទាំងសិល្បករ សិល្បៈការិនី កងទ័ពជិត ២០០០នាក់នៅក្នុងការរៀបចំទស្សនីយភាពបិទពិធីនេះ ហើយការរៀបចំបិទនេះយើងនឹងធ្វើឲ្យទទួលបាននូវប្រព័ន្ធទស្សនីយភាពមួយដែលមានភាពអាឡោះអាល័យ ឬក៏ជោគជ័យភាពសប្បាយរីករាយដើម្បីជាមោទកភាពរួមគ្នានៅក្នុងការរៀបចំស៊ីហ្គេមនេះ » ៕




ប្រភព៖ ក្រសួងព័ត៌មាន