SEA GAMES

មកដឹងពីបម្រាម និងវិធានការចាំបាច់ ៩ចំណុច ដែលអ្នកចូលរួមពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម គប្បីត្រូវដឹង

BY
Khmernote Media
May 15, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម បានចេញសេចក្ដីណែនាំ ស្ដីពីការចូលរួមពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្នុងន័យនេះ ដើម្បីរៀបចំដំណើរការបានរលូន និង ទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការជាតិ CAMSOC ស្នើ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្តរជាតិ និងអ្នកចូលរួមទាំងអស់ អនុវត្តតាមវិធានការដូចខាងក្រោម៖

– គោរពពេលវេលា វិន័យ សណ្តាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធី
– ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូន
– ផ្តល់សមាសភាពអ្នកដឹកនាំក្រុមមកចូលរួមពិធីជាមុន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងប្រធានក្រុមអ្នកស្ម័គ្រចិត្តទទួលបន្ទុកតាមច្រកចេញ-ចូលនីមួយៗ
– អ្នកដឹកនាំក្រុម ឬជនបង្គោល នៃក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងដៃគូសហការពាក់ព័ន្ធ ត្រូវសហការជាមួយ ក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវតាមទីកន្លែងនីមួយៗ
– អនុញ្ញាតឱ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម៥០០មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬ គ្រឿងអេឡិចត្រូនិក (Power Bank) ដែលមានថាមពលចំណុះក្រោម១០,០០០mAh
– មិនអនុញ្ញាតឱ្យកុមារអាយុក្រោម១០ឆ្នាំ ចូលរួមក្នុងពិធី

អ្នកចូលរួមមិនត្រូវអនុវត្តដូចខាងក្រោម៖

– ហាមយកកាបូបស្ពាយ ឬកាបូបយួរដៃ ចូលក្នុងពិធី
– ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី
– ហាមបង្កសម្លេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា

ទទួលបានសេចក្ដីណែនាំនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ- អន្តរជាតិ និងអ្នកចូលរួមទាំងអស់ ត្រូវចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: