ប្រកួតកីឡាចំបាប់ថ្ងៃដំបូង កម្ពុជាទទួលបានមេដាយចំនួន ៧គ្រឿង ក្នុងនោះមេដាយមាស ២គ្រឿង
- May 15, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា អត្តពលិកកម្ពុជារកបានមេដាយរហូតដល់ចំនួន ៧គ្រឿង ពីការប្រកួតប្រភេទកីឡាចំបាប់ថ្ងៃដំបូង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ នាអគារ CCIC ជ្រោយចង្វារ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងនោះមានមេដាយមាសចំនួន ២គ្រឿង, ប្រាក់ចំនួន ១គ្រឿង និងសំរឹទ្ធចំនួន ៤គ្រឿង ។
សម្រាប់មេដាយមាសទាំង ២គ្រឿងនោះ រកបានដោយកីឡាករ ស៊ូ បាលី ទម្ងន់១៣០គីឡូក្រាម និងកីឡាករ ម៉ូ សារី ទម្ងន់៩៧គីឡូក្រាម, ចំណែកប្រាក់ ១គ្រឿង រកបានដោយកីឡាករ យុន ប៊ុនណា ទម្ងន់៦០គីឡូក្រាម ។ រីឯសំរឹទ្ធ ៤គ្រឿង រកបានកីឡាករ កែវ សុភ័ក្ត, កីឡាករ ឆាំ ពិស៊ិន ទម្ងន់៧៧គីឡូក្រាម, កីឡាករ ថាច សុជាតិ ទម្ងន់៥៥គីឡូក្រាម និងកីឡាករ ឈឿង វាសនា ទម្ងន់៨៧គីឡូក្រាម។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតប្រភេទកីឡាចំបាប់ មានកីឡាករចំនួន ៧ប្រទេស ចូលរួម ក្នុងនោះមានកីឡាករវៀតណាម ហ្វីលីពីន សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ឡាវ និងកីឡាករកម្ពុជា ដោយការប្រកួតកីឡាប្រភេទនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែឧសភា ដែលក្រៅពីកីឡាករបុរស ក៏មានកីឡាការិនីចូលរួមប្រកួតនៅថ្ងៃស្អែកផងដែរ ៕




ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក
- Share This Post:






