SEA GAMES

ឯកឧត្តម វ៉ាត់ ចំរើន៖ ជោគជ័យធំៗចំនួនបី ដែលកម្ពុជាទទួលបានក្នុងមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២

BY
Liny Chan
May 16, 2023

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានទទួលជោគជ័យធំៗចំនួន៣ នៅក្នុងមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នេះ។ ការគូសបញ្ជាក់របស់ឯកឧត្ដមអគ្គលេខាធិការនេះ បន្ទាប់ពីបានចូលរួមក្នុងសន្និសីទសារព័ត៌មានស្ដីពីការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្ដម វ៉ាត់ ចំរើន បានថ្លែងថា ជោគជ័យធំទីមួយដែលកម្ពុជាទទួលបាន គឺភាពជោគជ័យដ៏អស្ចារ្យនៃការរៀបចំពិធីបើកជាផ្លូវការកីឡាស៊ីហ្គេមលើកទី៣២ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ ដែលបានបង្ហាញពីទស្សនីយភាពដ៏ពិសេស និងអស្ចារ្យ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងរយៈពេល ៦៤ឆ្នាំកន្លងមកនេះ។ ឯកឧត្ដមបន្ដថា សម្រាប់ភាពជោគជ័យធំទីពីរ គឺចំនួនមេដាយដែលកម្ពុជាទទួលបានពីការប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡានេះក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ដោយឯកឧត្តមបានមានប្រសាសន៍ថា៖ «ចំនួនជ័យលាភីមេដាយដែលកម្ពុជាទទួលបាន នេះគឺជាជោគជ័យធំទីពីររបស់យើងសម្រាប់យើងដែលជាម្ចាស់ផ្ទះ ហើយជោគជ័យនៃចំនួនមេដាយនេះ មកដល់ថ្ងៃនេះ យើងអាចឈរនៅលំដាប់ទី៤ ក្នុងចំណោម ១១ប្រទេស ដែលមិនធ្លាប់មានទេនៅក្នុងប្រវត្តិសាស្រ្តនៃការចូលរួមស៊ីហ្គេមរបស់យើង»។

ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ថា៖ «ជោគជ័យទីបី គឺភាពជោគជ័យរបស់មហាជន និងសារព័ត៌មានដែលបានផ្តិតយករូបភាពល្អៗ និងរូបភាពមួយដ៏អស្ចារ្យ គឺរូបភាពនៃការដាក់ចេញនូវស្មារតីកីឡារបស់កីឡារិនី ប៊ូ សំណាង។ កីឡាការិនី ប៊ូ សំណាង ក្លាយជានិមត្តរូបនៃកីឡាអូឡាំពិក មិនមានឈ្នះមានចាញ់ទេ ប៉ុន្តែមានភាសាបេះដូងតែមួយសម្រាប់អ្នកស្នេហាវិស័យកីឡាទាំងអស់»។

គួរបញ្ជាក់ថា កីឡាការិនី ប៊ូ សំណាង ជាកីឡាការិនីអត្ដពលកម្មរត់ចម្ងាយរបស់កម្ពុជាដែលបានឆក់យកបេះដូង និងការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងស្រុក និងអន្តរជាតិ បន្ទាប់ពីកីឡាការិនីរូបនេះបានតស៊ូរត់ក្រោមដំណក់ទឹកភ្លៀងផ្គររន្ទះរហូតដល់ទី បើទោះបីជាមិនទទួលបានជ័យលាភីមេដាយក៏ដោយ រហូតត្រូវបានសារព័ត៌មានធំៗរបស់ពិភពលោកមានការចាប់អារម្មណ៍ ដូចជាសារព័ត៌មាន CNN សារព័ត៌មាន CNA និងសារព័ត៌មាន BCC ជាដើម។

បើតាមឯកឧត្ដម វ៉ាត់ ចំរើន ទាំងនេះគឺជាការបង្ហាញថា ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ របស់កម្ពុជាពិតជាទទួលបានជោគជ័យដ៏អស្ចារ្យ ហើយសមទៅនឹងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ លើសពីនេះទៀត សម្រាប់ស៊ីហ្គេមនេះ គឺការផ្តល់ជូននូវការរៀបចំដោយមិនគិតថ្លៃ ដែលធ្វើគ្រប់គ្នាមានការរំភើប និងចងចាំ ព្រមទាំងត្រូវបានចាត់ទុកជាកំណត់ត្រាប្រវត្តិសាស្រ្តរបស់ចលនាកីឡាអូឡាំពិក ដែលមានតែការរៀបចំប្រកួតកីឡានៅកម្ពុជាតែមួយទេ ដែលមិនមានការយកថ្លៃ។ ឯកឧត្ដមបានបន្ថែមថា ទាំងអស់នេះជាការសម្រេចដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ៕

ប្រភព​៖ ក្រសួងព័ត៌មាន

Share This Post: