ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន​ សែន ផ្ដាំដល់រដ្ឋលេខាធិការក្រសួង បើមិនដឹងរឿងរបស់ក្រសួង មិនបាច់មកតាមសម្ដេចទេ នាំតែខាតសាំង អស់លុយរដ្ឋ

BY
Liny Chan
May 22, 2023

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះសម្ដេចតេជោ បានផ្ដាំដល់រដ្ឋលេខាធិការក្រសួង បើមិនដឹងរឿងរបស់ក្រសួង មិនបាច់មកតាមសម្ដេចទេ នាំតែខាតសាំង។ សម្ដេចតេជោ បានមានប្រសាសន៍ដូច្នេះថា៖ «ថ្ងៃក្រោយបើគេឱ្យមកជាតំណាង ត្រូវក្ដាប់ឱ្យជាប់អ្វីទៅជាការងាររបស់ខ្លួន តែហៅសួរអត់ដឹងរឿងអី មិនបាច់មកទេ នាំតែខាតសាំង អស់លុយរដ្ឋ ព្រោះមិនមែនជិះឡានខ្លួនឯងសាំងខ្លួនឯងទេ គឺសាំងរបស់រដ្ឋ បើថាក្ដាប់ការងារមិនបានកុំមក នាំតែចង្អៀតកន្លែង ទុកកន្លែងឱ្យគេផ្សេង ម្យ៉ាងទៀតខាតថ្លៃសាំង»។

ជាមួយគ្នានោះ សម្ដេចបានបញ្ជាក់ទៀតថា មុនពេលមកត្រូវក្ដាប់ការងាររបស់ខ្លួនឱ្យជាប់ ប្រយ័ត្ននាយករដ្ឋមន្រ្តីហៅសួរមិនដឹងអី ព្រោះនាយករដ្ឋមន្រ្តីហៅសួរគ្រប់រឿង។ សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ បន្ទាប់ពីសួរនាំទៅ តំណាងរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប៉ុន្តែមិនបានដឹងពីចំនួនមនុស្សដែលទទួលផលពីគម្រោងដែលរដ្ឋាភិបាលដាក់ចេញ មិនអាចក្ដាប់ការងារបាន៕

អត្ថបទ៖ លីនី

Share This Post: