ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា មានសប្បុរសជន២នាក់ ប្រកាសចូលលុយជួយសង់អគារព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត (ម្នាក់ជួយ២លានដុល្លារ និងម្នាក់ទៀតជួយ២០ម៉ឺនដុល្លារ) តែអត់ទាន់ឱ្យលុយ

BY
Liny Chan
May 23, 2023

នាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា មានសប្បុរសជនពីរនាក់ ប្រកាសចូលលុយជួយសង់អគារព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែអត់ទាន់ឱ្យលុយ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ បានបញ្ជាក់ថា សប្បុរសជនម្នាក់ប្រកាសបរិច្ចាគ ២លានដុល្លារ និងម្នាក់ទៀត ប្រកាសបរិច្ចាគ ២០ម៉ឺនដុល្លារ។

សូមជម្រាបផងដែរថា មានសប្បុរសជនចំនួន ២២៥នាក់ ដែលចូលរួមវិភាគទានសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានថវិកាសរុបចំនួន ៧៥លានដុល្លារអាមេរិក ប៉ុន្តែដោយសារមានសប្បុរសជន ២នាក់មិនទាន់បានឱ្យថវិកា នាំឱ្យចំនួនសប្បុរសជនមានតែចំនួន ២២៣នាក់ សរុបថវិកាបានចំនួន ៧២លានដុល្លារ៕

អត្ថបទ៖ លីនី

Share This Post: