SEA GAMES
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ រួមគ្នាគាំទ្រព្រឹតិ្តការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមឱ្យបានផុសផុល
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ រួមគ្នាគាំទ្រព្រឹតិ្តការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមឱ្យបានផុសផុល ដើម្បីលើកទឹកដល់កីឡាករ កីឡាការិនីកម្ពុជា ក្នុងការខិតខំប្រឹងប្រែង ប្រកួតដណ្តើមយកមេដាយជូនជាតិមាតុភូមិ ។

ក្នុងជំនួបសំណេះសំណាល ជាមួយកម្មករ និយោជិត ជិត២ម៉ឺននាក់ មកពីរោងចក្រម៉ាវ៉លហ្កាមិន រោងចក្ររ៉ុងវីនហ្គាមិន និងរោងចក្រដាគ្វានថេកស្តាយ ខេមបូឌា នាតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅសល់តែ០៨ថ្ងៃទៀតប៉ុណ្ណោះ នឹងឈាន ដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះហើយ ដោយបច្ចុប្បន្ននេះគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ កំពុងខិតខំរៀបចំធ្វើយ៉ាងណា ឱ្យព្រឹត្តិការណ៍មួយនេះ ប្រព្រឹត្តិទៅដោយរលូននិងអស្ចារ្យ ដូចទៅនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលទើប នឹងបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ហើយទទួលបានលទ្ធផលលើសពីការរំពឹងទុក ។
សម្តេចតេជោបានបន្តថា កាលពីព្រិត្តិការណ៍កីឡាស៊ីហ្គេម គឺទទួលបានការសាទរនិងគាំទ្រយ៉ាងអស្ចារ្យ ពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិ ដូច្នេះសម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនាពេល ខាងមុខនេះ ក៏សូមឱ្យប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការិនី ចូលរួមគាំទ្រនិងលើកទឹកចិត្តកីឡាករ កីឡាការិនី ឱ្យបានច្រើនកុះករផងដែរ ។
« ឥឡូវនេះនៅសល់តែ៨ថ្ងៃទៀតទេ អាស៊ានប៉ារ៉ាហ្គេមគឺការប្រកួតកីឡាជនពិការនឹងមកដល់ ក្មួយៗទាំងឡាយត្រូវតែផ្តល់ការគាំទ្រលើកទឹកចិត្តឱ្យកីឡាពិការរបស់យើង ព្រោះមិនខុសពីកីឡាដែលមាន កាយសម្បទាគ្រប់គ្រាន់នោះទេ ចំណុចនេះគឺត្រូវរៀបចំលិខិតផ្តល់ជូនក្រសួងការងារមួយចំនួន ដើម្បីចែកជូនដល់កម្មករ កម្មការិនី ព្រោះកម្មវិធីបើកនិងបិទមិនខុសគ្នា ពីកម្មវិធីស៊ីហ្គេមប៉ុន្មាននោះទេ គឺដូចគ្នាយើងធ្វើជាម្ចាស់ផ្ទះ ហើយសំរាប់ល្ងាចនេះ គឺសម្ដេចនឹងជូនដំណើរកីឡាករ កីឡាការិនី ទៅកន្លែងប្រកួត ដោយជូនពីវិមានសន្តិភាពទៅកាន់ទីតាំងប្រកួត » ។
សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពី ថ្ងៃទី ០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា១៤ប្រភេទ ត្រូវបានដាក់ឱ្យធ្វើការប្រកួតលើវិញ្ញាសាជាង ៤០០ រួមមាន៖ កីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស(៥ម្ខាង និង ៧ម្ខាង) បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និង កីឡាអេឡិចត្រូនិក(E-Sports) ។ កាលពីកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ គឺកម្ពុជា ដណ្ដើមបានមេដាយ សរុប២៨គ្រឿង រួមមាន៖ មេដាយមាស ៧ ប្រាក់១០ និងសំរឹទ្ធ១១គ្រឿង ៕

ប្រភព៖ ក្រសួងព័ត៌មាន
SEA GAMES
មកដឹងពីពេលវេលា កម្មវិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនជាតិពិការអាស៊ានលើកទី១២ នៅល្ងាចនេះ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិ បានបង្ហាញកម្មវិធី បើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាជនជាតិពិការអាស៊ានលើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

– ម៉ោង ១៦:០០ ទស្សនិកជន មហាជន អញ្ជើញដល់
– ម៉ោង ១៧:០០ ប្រតិភូកីឡាជនពិការអាស៊ាន ភ្ញៀវជាតិ-អន្តរជាតិ អញ្ជើញដល់
– ម៉ោង ១៨:០០ អត្តពលិកជនពិការ អញ្ជើញដល់
– ម៉ោង ១៨:៥០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសន អញ្ជើញដល់
– ម៉ោង ១៨:៥៥ រក្សាភាពស្ងៀមស្ងាត់ ត្រៀមស្វាគមន៍ដំណើរអញ្ជើញដល់វេទិកាកិត្តិយសរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង គណៈអធិបតី
– ម៉ោង ១៩:០០៖
• ចាប់ផ្តើមកម្មវិធី
• រាប់ថយក្រោយ ចាប់ផ្តើម ពីលេខ១២ ដល់ លេខ១ (អុជកាំជ្រួច)
• ដង្ហែរទង់ជាតិ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា
+ ជនពិការដង្ហែរទង់ជាតិ និងប្រគល់ជូនកងទ័ពដើម្បីរៀបចំបង្ហូត និងគោរពទង់ជាតិ
+ ការសម្តែងភាសាសញ្ញាភាសាគរចំនួន ៤០រូប ពេលគោរពទង់ជាតិ
• ដង្ហែរក្បួនប្រតិភូកីឡាជនពិការអាស៊ានទាំង ១១ប្រទេស
+ ប្រតិភូកីឡាជនពិការកម្ពុជាចំនួន ១០០នាក់
+ ប្រតិភូកីឡាជនពិការប្រទេសផ្សេងៗ ៥០នាក់ក្នុងមួយប្រទេស
• ដង្ហែរ និងគោរពទង់សហព័ន្ធកីឡាជនពិការអាស៊ាន (APSF) – ASEAN PARA SPORT FEDERATION
+ ដង្ហែរទង់សហព័ន្ធ “APSE” ៨នាក់ និងទង់ប៉ារ៉ាហ្គេម ៨នាក់
• សច្ចាប្រណិធាន តំណាងអត្តពលិកមានពិការភាព និងតំណាងអាជ្ញាកណ្តាល ចៅក្រម
• វីដេអូខ្លី “ASEAN Para Games” (រយៈពេល ២នាទី)
• សុន្ទរកថា ឯកឧត្តម ហ៊ុន ម៉ានី តំណាងគណៈកម្មាធិការរៀបចំ ASEAN Para Games លើកទី១២ (៧នាទី)
• សុន្ទរកថា ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន “APSF” (៧នាទី)
• សុន្ទរកថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ ប្រកួតកីឡា ASEAN Para Games លើកទី១២ (អុជកាំជ្រួច ១៥វិនាទី)
• ផ្ទាំងទស្សនីយភាព “បេះដូងខ្មែរ” (៣៥នាទី)
+ ប្រគំស្គរជ័យ (២២០នាក់) និង របាំនារីកម្ពុជា១៦៥នាក់) សម្តែងដោយសិល្បករ សិល្បការិនីមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
+ ចម្រៀងហ្គីតារ លេងនិងច្រៀងដោយជនពិការពាក់កណ្ដាលខ្លួន ប្រាក់ សុផាណា (មកពីខេត្តសៀមរាប)អមដោយជនពិការ៥នាក់ និងតន្ត្រីករប្រគំឌីបករណ៍ភ្លេង១នាក់
+ សិល្បៈចម្រៀងសម្ដែងដោយបុរសស្លៀកខោខ្មៅអាវស និងពាក់វែនតាខ្មៅតំណាង ជនពិការ២១០នាក់ សម្តែងដោយក្រុមទាហានកងកាំភ្លើងធំ
+ របាំបេះដូងខ្មែរ សម្តែងដោយ សាលានាយទាហានសកម្ម ១៨០នាក់ (នារី៦០នាក់ និងបុរស១២០នាក់)
+ ចម្រៀងជាក្រុម “ASEAN PARA GAMES 2023″ THEME SONG សម្តែងដោយ ក្រុមយុវជនសសយក និងក្រុមអង្គរក្ស (៦៥០នាក់)
• ការរត់ភ្លើងគប់
+ កីឡាការនីពិការជើង វិត ចាន់ថា ប្រគល់ភ្លើងគប់ជូនឯកឧត្តម ហ៊ុន មានី
+ ឯកឧត្តមហ៊ុន មានី ប្រគល់ជូន សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
+ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកីឡាការនីពិការ ជើង វិត ចាន់ថា ដើម្បីប្រគល់ជូនទៅកីឡាករ កីឡាការនីពិការ ៨នាក់ទៀតរត់បន្ត
• ការអុជភ្លើងគប់ធំ
• ការអុជកាំជ្រួចអបអរសាទរ (៤នាទី)
• ចប់កម្មវិធី ៕



ប្រភព៖ គណៈកម្មាធិការជាតិ