ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នឹងបន្តសាងសង់ស្ពាន៣បន្ថែមទៀតនៅរាជធានីភ្នំពេញ

BY
srey nuch
May 31, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តសាងសង់ស្ពាន៣បន្ថែមទៀតនៅរាជធានីភ្នំពេញ និងគម្រោងអភិវឌ្ឍន៍នៅតាមតំបន់ផ្សេងៗជាច្រើនទៀត ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសដែលកម្ពុជាមានសុខសន្តិភាពនោះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប ឬស្សីកែវ និងស្ពានអាកាសឬស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា គម្រោងកសាងស្ពានទាំងនោះរួមមាន ទី១ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ។ ទី២ ស្ពានផ្សារភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងទី៣ គម្រោងកសាងស្ពាននៅម្ដុំចាក់អង្រែ ឆ្លងទៅកាន់ព្រែកប្រា។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើឱ្យអ្នកដឹកនាំជំនាន់ក្រោយថា ប្រសិនបើដឹកនាំបន្តនៅពេលក្រោយនោះ សូមកុំភ្លេចវិភាជន៍ថវិកាទៅលើហេដ្ឋារចនា សម្ព័ន្ធពន្លឿនសេដ្ឋកិច្ចជាតិ ដែលសម្ដេចប្រើពាក្យថា បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ជាតិប្រកបដោយសមធម៌។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា៖

«ចំណុចនេះ ត្រូវក្ដាប់ឱ្យជាប់ក្នុងពេលដែលដឹកនាំប្រទេស ឬក៏គ្រប់គ្រងដឹកនាំស្ថាប័នទាក់ទងនឹងការរៀបចំក្របខណ្ឌគោលនយោបាយ ស្ដីពីការអភិវឌ្ឍន៍»។ សម្ដេចតេជោបានឱ្យដឹងទៀតថា ពាក្យដែលថាបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ គឺសម្ដេចចង់សំដៅវិភាជន៍ថវិកាទាំងឡាយ ដើម្បីបម្រើឱ្យមនុស្សទាំងអស់គ្នា ដូចជា ការសាងសង់ផ្លូវ ការកសាងស្ពាន មន្ទីរពេទ្យ សាលារៀន និងប្រឡាយទឹក។ល។ ដែលសំដៅបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។ ដូច្នេះ ចំណុចទាំងអស់នេះហើយ ដែលយើងគួររៀបចំ កុំចាយលុយខ្ជះខ្ជាយ។

សម្ដេចតេជោលើកឡើងបន្ថែមថា ការពិតស៊ីហ្គេមវាជាកាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន កម្ពុជាគួរណាស់ត្រូវធ្វើតាំងពីយូរមកហើយៗ ហេតុអ្វីទើបកម្ពុជារៀបចំក្នុងឆ្នាំ២០២៣នេះ។ ប៉ុន្តែសម្ដេចបានសុំការយោគយល់ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ដោយសារកម្ពុជាត្រូវការលុយដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនានា ព្រោះកម្ពុជាពុំទាន់មានលទ្ធភាពដើម្បីធ្វើទេ។ ដូច្នេះ បានជា កម្ពុជាអូសពេលរហូតដល់ឆ្នាំ២០២៣ ទើបអាចធ្វើបាន។

បើតាមរបាយការណ៍របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប គឺជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារមកកាន់ផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ៣៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់សម្ដេចតជានាយករដ្ឋមន្ត្រី។

ឯកឧត្ដមបានបន្ដថា ការស្ថាបនាស្ពាននេះ បានប្រើរយៈពេលសាងសង់ជាង ៦៨ខែ ដោយចំណាយថវិកាអស់ចំនួន ៣៥លានដុល្លារអាម៉េរិក ដែលជាកញ្ចប់ថវិកា បានមកពីមូលនិធិតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ ដោយឡែកស្ពានអាកាសឫស្សីកែវវិញ មានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ ៣៦ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ស្ពាននេះ បានប្រើរយៈពេលសាងសង់ជាង ១៦ខែ ដោយចំណាយថវិកាសាងសង់អស់ចំនួន ៩ ៧១០ ៤៧៤ ដុល្លារអាម៉េរិក ជាកញ្ចប់ថវិកាបានមកពីមូលនិធិអភិវឌ្ឍន៍កោះនរារបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC)៕

Share This Post: