SEA GAMES

អត្តពលកម្មអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន១៨០វិញ្ញាសា ខណៈម្ចាស់ផ្ទះកម្ពុជារំពឹងកើនឡើងមេដាយច្រើន

BY
srey nuch
May 31, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រភេទកីឡាអត្តពលកម្មសម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាបានកំណត់បង្ហាញនូវវិញ្ញាសាសរុបចំនួន១៨០វិញ្ញាសា ដែលចំនួននេះច្រើនជាងប្រភេទកីឡានានា ក្នុងចំណោម១៣ប្រភេទកីឡា បូកនឹងកីឡាសម្តែង១ គឺប្រភេទកីឡាអេឡិចត្រូនិក។

ឯកឧត្តម ផៃ សុខ គ្រូបង្វឹកជម្រើសជាតិអត្តពលកម្មជនពិការកម្ពុជាមានប្រសាសន៍ថា កីឡាករ កីឡាការិនីពិការកម្ពុជាទាំងអស់កំពុងហ្វឹកហាត់យ៉ាងសកម្មបំផុត ដើម្បីត្រៀមការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីលានពហុកីឡដ្ឋានជាតិមរតកតេជោ។ គ្រូបង្វឹករូបនេះបញ្ជាក់ជូនថា ប្រភេទកីឡាអត្តពលកម្មមានវិញ្ញាសសរុបទាំងអស់ចំនួន ១៨០ ដោយវិញ្ញាសាទាំងនេះមានប្រភេទពិការច្រើនថ្នាក់ ដូចជា T-11, T-20, T-44, T-46, T-47, T-53, T-54 និងT-64 ជាដើម។ ឯកឧត្ដមបន្ដថា ប្រភេទកីឡាអត្តពលកម្មនេះក៏មានការចែកចេញជាច្រើនផ្នែកទៀត ដូចជាវិញ្ញាសា ចោលដុំដែក ចោលស្នរ ចោលថាស លោតចម្ងាយ លោតបណ្តាក់៣ដង រត់១០០ម៉ែត្រ ២០០ម៉ែត្រ ៤០០ម៉ែត្រ ៨០០ម៉ែត្រ ១ ៥០០ ម៉ែត្រ និង ៥ ០០០ ម៉ែត្រជាដើម។

ចំពោះសិទ្ធផលរបស់អត្តពលិកពិការកម្ពុជា ក្នុងអំឡុងពេលហ្វឹកហាត់បំប៉នបច្ចេកទេសនេះ ត្រូវបានឯកឧត្តម ផៃ សុខ បានអះអាងយ៉ាងដូច្នេះថា៖ «ពួកគាត់មានលក្ខណៈល្អប្រសើរខ្លាំង ដោយកើនឡើងបច្ចេកទេសល្អ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការប្រឹងប្រែង ហ្វឹកហាត់អស់ពីសមត្ថមភាពប្រកបដោយឆន្ទៈយ៉ាងមោះមុតរបស់អត្តពលកម្ម គឺម្ចាស់ផ្ទះកម្ពុជានឹងបង្កើនបានមេដាយមាស ប្រាក់ និងសំរឹទ្ធច្រើងទ្វេរដង បើប្រៀបធៀបនឹងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២ ជាក់ជាមិនខាន»។

ឯកឧត្តម ផៃ សុខ បានគូសបញ្ជាក់បន្ថែមថា៖ «កីឡាករ កីឡាការិនីពិការកម្ពុជាទាំងអស់កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ទោះបីជួបការលំបាកយ៉ាងណា ក៏នៅតែតស៊ូពុះពារហ្វឹកហាត់ទាល់តែសម្រេចបានតាមផែនការដែលគ្រូដាក់ឱ្យ។ ឯកឧត្ដមបានលើកឡើងថា ក្នុងនាមជាគ្រូបង្វឹកកីឡាអត្តពលកម្មសូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួយគាំទ្រ លើកទឹកចិត្តដល់អត្តពលិកពិការកម្ពុជា ជាពិសេសគឺព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុងការផ្តល់កម្លាំងចិត្តដល់អត្តពលិកកម្ពុជាកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមមេដាយជូនជាតិមាតុភូមិ។ ឯកឧត្ដមបានអះអាងថា អ្វីដែលសំខាន់មួយទៀត គឺអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកសាងសន្តិភាព ដែលធ្វើឱ្យកីឡារស់ក្នុងសន្តិភាព៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: