ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបងប្អូនជនរួមជាតិ ចូលរួមលើកទឹកចិត្ត និងគាំទ្រកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

BY
srey nuch
May 31, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យបងប្អូនជនរួមជាតិ ចូលរួមលើកទឹកចិត្ត និងគាំទ្រព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកម្ពុជាបានរៀបចំឥតខ្ចោះ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាពេលកន្លងមកនោះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឬស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវនេះនៅសល់ពេលតែបីថ្ងៃទៀតប៉ុណ្ណោះ អាស៊ានប៉ារ៉ាហ្គេមនឹងមកដល់ ដូច្នេះស្នើឱ្យបងប្អូនប្រជាលរដ្ឋទាំងអស់ យកចិត្តទុកដាក់គាំទ្រកីឡាពិការ ដែលវាជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ជនមានពិការភាព។

សម្ដេចតេជោបន្តថា ឥឡូវនេះកីឡាកររបស់ប្រទេសហ្វីលីពីនបានមកដល់កម្ពុជាហើយ និងប្រតិភូព្រមទាំងកីឡាករមកពីប្រទេសនានាទៀត នឹងមកដល់កម្ពុជា ជាបណ្ដើរៗ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «ដូច្នេះយើងត្រូវទទួលភ្ញៀវឱ្យបានល្អ ដូចកាលពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ យើងធ្វើបានល្អហើយ។ ដូច្នេះនៅសល់ប៉ារ៉ាហ្គេម គឺយើងត្រូវធ្វើឱ្យល្អទៀត ទាំងពិធីបើក និងពិធីបិទ គឺធ្វើមិនឱ្យចាញ់ខាងស៊ីហ្គេមលើកទី៣២ទេ។ រាប់ទាំងការបាញ់កាំជ្រួច និងផ្នែកផ្សេងៗ»។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីគូសបញ្ជាក់ថា យើងលើកទឹកចិត្តជនពិការរបស់យើង យើងលើកទឹកចិត្តជនពិការនៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង ដើម្បីឱ្យពួកគេប្រឹងប្រែងឡើង។ ជនពិការ គឺគ្រាន់តែពិការរាងកាយ ក៏ប៉ុន្តែមិនពិការផ្លូវចិត្តទេ។ ដូច្នេះ សង្ឃឹមថា មិនគ្រាន់តែកីឡាជនពិការកម្ពុជាទេ កុំភ្លេចថាយើងមានកាតព្វកិច្ចជាសមាជិកអាស៊ាន យើងត្រូវជំរុញសមាហរណកម្មអាស៊ាន ក្នុងនោះមានកីឡាជនពិការ ដែលគេហៅថាអាស៊ានប៉ារ៉ាហ្គេមនេះ ក៏ជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្រោមក្របខណ្ឌអាស៊ាន ហើយវាក៏ជាផ្នែកមួយនៃការធ្វើសមាហរណកម្មអាស៊ានផងដែរ។

សម្ដេចតេជោលើកឡើងថា អាស៊ានស៊ីហ្គេមបានកន្លងផុតជាមួយនឹងជោគជ័យ ដែលសម្ដេចតែងតែនិយាយម្ដងហើយម្ដងទៀត ដោយប្រើពាក្យថា«ឥតខ្ចោះ»។ ដូច្នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិដែលនៅរាជធានីភ្នំពេញ បន្តផ្ដល់នូវកិច្ចសហការ និងការគាំទ្រទាំងឡាយ ជាពិសេសសូមការយោគយល់នៅពេលដែលត្រូវបិទចរាចរណ៍ម្ដងៗ ដើម្បីឱ្យក្បួនកីឡាករ កីឡាការិនី អាចធ្វើដំណើរបានដោយរលូនទៅកាន់ទីតាំងប្រកួតនិងកន្លែងស្នាក់នៅ។ល។ ជាងនេះទៀត សម្ដេចតេជោក៏ស្នើឱ្យអាជ្ញាធរយកចិត្តទុកដាក់ ហើយបណ្ដារាជធានី ខេត្តនានា ក៏ត្រូវរៀបចំស្លាយផ្សាយបន្តផ្ទាល់ សម្រាប់ការទស្សនារបស់ប្រជាពលរដ្ឋផងដែរ ជាពិសេស ពិធីបើក និងពិធីបិទ កីឡាអាស៊ានប៉ារ៉ាហ្គេម នៅពេលដែលពហុកីឡាដ្ឋានរបស់យើងនៅមានកម្រិតសម្រាប់ការចូលទស្សនានោះ។ ដូច្នេះយើងត្រូវរៀបចំនៅទីធ្លាខាងក្រៅ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនា។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីអះអាងផងដែរ៖ «យើងមានកាតព្វកិច្ចនិងធ្វើជាម្ចាស់ផ្ទះ ឯសល់ពីនោះយើងនៅមានពេល២០ឆ្នាំទៀត ប្រសិនបើប្រទេសទីម័រខាងកើត គាត់មិនបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម តែបើប្រទេសទីម័រខាងកើតគាត់ធ្វើជាម្ចាស់ផ្ទះនោះ យើងនៅសល់ពេល២២ឆ្នាំទៀតកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះម្ដងទៀត គឺនៅឆ្នាំ២០៤៣ ដែលជាកាតព្វកិច្ច»។

គួរបញ្ជាក់ដែរថា ការប្រកួតព្រឹត្ដិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គឺមាន១១ប្រទេស ចូលរួមប្រកួតដូចស៊ីហ្គេមដែរ ដែលមានប្រតិភូ កីឡាករ កីឡាការិនីពិការសរុបប្រមាណ ២ ៦០០ នាក់ ក្នុងនោះអត្តពលិកសរុបប្រមាណ ១ ៤០០ នាក់ ក្នុងការចូលរួមប្រកួតប្រជែង៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: