ព័ត៌មានជាតិ

ព្រះមហាក្សត្រ យាងនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព

BY
srey nuch
May 31, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបានគង់ប្រថាប់ បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាធារណរដ្ឋឥណ្ឌានោះ នារសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងនិវត្តន៍មកដល់មាតុប្រទេសវិញ ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះពិសេស។

អញ្ជើញថ្វាយព្រះរាជដំណើរយាងមកដល់របស់ព្រះករុណាព្រះមហាក្សត្រ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាន់ខ្ពស់នៅក្នុងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងរាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។ ដោយឡែកតំណាងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជាក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា នេះគឺជាព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ខណៈប្រជាជាតិទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃ ការបង្កើតទំនាក់ទំនងការទូត។ ក្នុងអំឡុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកជំទាវ ជ្រៅផាឌី មួរមូ ប្រធានាធិបតីនៃ សាធារណរដ្ឋឥណ្ឌា និងឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋឥណ្ឌា បានទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជ ហឫទ័យ ព្រះបរមរាជានុញ្ញាត ជូន ឯកឧត្តម ប៉ាកឌីប ដាន់ខា (Jagdeep Dharkhar) អនុប្រធានាធិបតី និងឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សាន (Subrahmanyam Jalshankar) រដ្ឋមន្ត្រី ការបរទេស ចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។ ក្នុងព្រះរាជទស្សនកិច្ចផ្លូវនេះដែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាង ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅមណ្ឌប Mahatma Gandhi។

លោកជំទាវ ជ្រៅផាឌី មួរមូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា បានរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅសាធារណរដ្ឋឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនងដ៏យូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព ដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: