SEA GAMES

ក្រុមបាល់បោះជិះរទេះនារីកម្ពុជា ជឿជាក់អាចការពារមេដាយមាស រីឯក្រុមបុរស ដាក់គោលដៅប្រជែងយកមេដាយ

BY
srey nuch
May 31, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការរបស់កម្ពុជា បានបង្ហាញភាពជឿជាក់ថា ពួកគេ នឹងអាចការពារមេដាយមាស និងមេដាយប្រាក់ ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចំណែកក្រុមបាល់បោះជិះរទេះបុរសរបស់កម្ពុជា ក៏បានដាក់ក្តីសង្ឃឹម ក្នុងការប្រជែងយកមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលធ្វើពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣នេះដែរ។

ការបង្ហាញក្តីសង្ឃឹមខ្ពស់ ចំពោះការការពារមេដាយមាស និងមេដាយប្រាក់ របស់ក្រុមបាល់បោះជិះរទេះនារី និងការជំរុញឱ្យក្រុមបាល់បោះជិះរទេះបុរស អាចបង្កើតនូវកំណត់ត្រាឈ្នះបានមេដាយជូនជាតិដែរនេះ គឺត្រូវបានធ្វើឡើងដោយ លោក មុយ ស៊ឺ គ្រូបង្វឹកបាល់បោះជិះរទេះក្រុមជម្រើសជាតិកម្ពុជា នៅក្នុងអំឡុងពេលហ្វឹកហាត់ នៅសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

លោក មុយ ស៊ឺ បានគូសបញ្ជាក់ថា ៖ «សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ក្រុមបាល់បោះជិះរទេះបុរស-នារី បានត្រៀមខ្លួនរួចរាល់ ទាំងបច្ចេកទេស សម្ភារៈ កម្លាំងកាយ និងកម្លាំងស្មារតី ដើម្បីត្រៀមប្រកួតប្រជែងការពារមេដាយមាស និងមេដាយប្រាក់ រួមទាំងគោលដៅបង្កើនមេដាយឱ្យបានបន្ថែម ជាពិសេសលើផ្នែកបាល់បោះបុរស ដែលមិនធ្លាប់ទទួលបានក្នុងអាស៊ានប៉ារ៉ាហ្គេម កន្លងមក»។

សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី លើប្រភេទកីឡាបាល់បោះជិះរទេះនេះ គឺក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា ដណ្តើមបានមេដាយមាស លើវិញ្ញាសា ៣នាក់ទល់៣នាក់ និងមេដាយប្រាក់ លើវិញ្ញាសា ៥នាក់ទល់៥នាក់។ ប៉ុន្តែក្រុមបាល់បោះបុរសរបស់កម្ពុជា មិនទទួលបានមេដាយឡើយ។

ជាមួយលទ្ធផលជោគជ័យរបស់ក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា នៅប្រទេសឥណ្ឌូនេស៊ីនោះ លោក មុយ ស៊ឺ បានដាក់ក្តីសង្ឃឹមយ៉ាងខ្ពស់ថា ក្រុមបាល់បោះនារីកម្ពុជា នឹងការពារមេដាយមាសបានជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ។ ចំពោះការហ្វឹកហាត់ត្រៀម គឺបានធ្វើឡើងយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត ដើម្បីបង្កើនគុណភាពបច្ចេកទេស ទាំងផ្នែកបុរស និងនារី ដោយផ្នែកទាំង២នេះ ត្រូវប្រកួតលើវិញ្ញាសា ៥ទល់៥នាក់ និង៣ទល់៣នាក់ដូចគ្នា។

គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា៖ «មេដាយមាសលើវិញ្ញាសានារី ៣ទល់៣នាក់ របស់កម្ពុជា គឺយើងចង់ថែរក្សា ប៉ុន្តែលើវិញ្ញាសា ៥ទល់៥នាក់ ដែលក្រុមនារីរបស់យើង ធ្លាប់ឈ្នះបានមេដាយប្រាក់ គឺយើងចង់ដណ្តើមឱ្យបានដល់មេដាយមាស។ ដើម្បីសម្រួចគោលដៅការពារមេដាយមាស និងចង់បង្កើនកម្រិតមេដាយពីទាប មកខ្ពស់នេះ គឺយើងបានសិក្សាមើលពីចំណុចខ្សោយគូប្រជែង នៃបណ្តាប្រទេសក្នុងតំបន់ ជាពិសេសក្រុមខ្លាំងថៃ ហើយយើងក៏សិក្សាពីចំណុចខ្សោយរបស់ខ្លួនឯងដែរ»

«ជាមួយគ្នានេះ យើងបានបង្កើនបច្ចេកទេស ថាមពលកម្លាំង ជាពិសេសគឺកម្លាំងស្មារតីរបស់ពួកគាត់ ដោយពេលនេះយើងបានបំពេញការខ្វះខាតពីមុន បានរួចរាល់ហើយ ហើយ ខ្ញុំសង្ឃឹមដល់៨៥ភាគរយឯណោះ ខណៈនៅសល់១៥ភាគរយទៀត គឺអាស្រ័យទៅលើភាពវៃឆ្លាតរបស់ក្រុមកីឡាការិនី ក្នុងពេលប្រកួតជាក់ស្តែង»។ លោក មុយ ស៊ឺ បានបន្ថែម។

ចំពោះក្រុមបាល់បោះជិះរទេះផ្នែកបុរសវិញ លោក មុយ ស៊ឺ បានអះអាងថា ក្រុមកម្ពុជាទទួលបានការកោតសរសើរពីបណ្តាប្រទេសចូលរួមនានា ដោយគោរពបាននូវវិន័យ និងសីលធម៌ល្អ កាលពីអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២។ «ក្រុមបុរសថ្មីមែន ប៉ុន្តែពួកគាត់បានយល់ច្បាស់អំពីគោលការណ៍ប្រកួត។ ក្នុងនាមជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ ខ្ញុំក៏សង្ឃឹមថា ក្រុមបុរស នឹងធ្វើបានល្អ ដែលអាចឈានដល់មេដាយប្រាក់ ឬមាស ដូចក្រុមនារីដែរ»។

«ក្នុងនាមជាគ្រូបង្វឹកម្នាក់ និងជាពលរដ្ឋខ្មែរម្ចាស់ផ្ទះម្នាក់ ខ្ញុំពិតជាសប្បាយចិត្ត ដែលបានចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម ជាលើកដំបូង នៅកម្ពុជា ហើយខ្ញុំក៏បានបញ្ចេញអស់ហើយសម្រាប់ក្រុមបាល់បោះជិះរទេះកម្ពុជា»។ ជាចុងក្រោយ លោក មុយ ស៊ឺ បានបង្ហាញក្តីរីករាយ ដែលប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំផ្តល់ការគាំទ្រដល់ជនពិការ ដែលធ្វើឱ្យបងប្អូនពិការភាពមានក្តីសង្ឃឹមយ៉ាងធំធេង៕

ប្រភព៖ Cambodia 2023

Share This Post: