ព័ត៌មានជាតិ

អគ្គិភ័យឆេះឃ្លាំងឥវ៉ាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខណ្ឌទួលគោកកាលពីយប់មិញ សមត្ថកិច្ចជំនាញប្រើទឹកអស់ ៨ឡាន ទើបគ្រប់គ្រងបានទាំងស្រុង

BY
srey nuch
June 1, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា អគ្គិភ័យបានលេបត្របាក់ឃ្លាំងឥវ៉ាន់របស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសុមៈ) ក្នុងនោះបានបណ្តាលឲ្យរងការខូចខាតអស់សម្ភារមួយចំនួន បានកើតឡើងនៅវេលាម៉ោង ៣និង៥៥នាទីទៀបភ្លឺ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុចផ្លូវ១៥០ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ដោយប្រើប្រាស់ទឹកអស់ ៨ឡាន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន មានករណីអគ្គិភ័យឆាបឆេះឃ្លាំងឥវ៉ាន់ក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសុមៈ) ភ្លាមៗនោះ លោកវរសេនីយ៍ឯក ក៏បានបញ្ជាទៅរថយន្តគ្រប់គោលដៅទាំងអស់ ធ្វើការចេញជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។ ដោយនៅក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់បានធ្វើការគ្រប់គ្រងបានស្ថានភាព មិនឲ្យមានការឆាបឆេះរាលដាលដល់ផ្នែកផ្សេងទៀត នៃអគាររបស់មន្ទីរពេទ្យខាងលើឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្ដទៀតថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលឲ្យឆាបឆេះម៉ាស៉ីនត្រជាក់ចំនួន ៣៣គ្រឿង, ម៉ូតូចំនួន ០៣គ្រឿង, សម្ភារអនាម័យមួយចំនួនធំ នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ ត្រូវបានលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា រថយន្ដការិយាល័យជំនាញ ចំនួន០៨គ្រឿង ប្រើប្រាស់ទឹកអស់០៨ឡាន និងរថយន្តស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ចំនួន០១ឡាន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

Share This Post: