ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ ត្រូវចុះដោះស្រាយជូនដល់ បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ

BY
Liny Chan
June 3, 2023

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្តទាំងអស់ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់ មាន​បញ្ហាអ្វីមួយជាមួយរោងចក្រ ហើយសូមកុំបណ្តោយឱ្យពួកគាត់ឈានដល់កាលឡើងតុលាការ ដែលនាំឱ្យខាតបង់ពេលវេលានិងថវិកា។

ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិតសរុបជិត ២ ម៉ឺននាក់ នៅក្នុងសួនឧស្សាហកម្ម ខេមតុន (CAM TON INDUSTRIAL PARK ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យន្តការរបស់អាជ្ញាធររាជធានីខេត្ត ក្នុងការចុះដោយស្រាយទំនាស់រវាងកម្មករ និង ថៅកែរោងចក្រនៅនឹងកន្លែងបានទាន់ពេលវេលា គឺមានភាពល្អប្រសើរ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យកម្មករ និងថៅកែរោងចក្រទទួលបានផលប្រយោជន៍ស្មើគ្នា ជាជាងឈានទៅដល់តុលាការ ដែលនាំខាតបង់ពេល វេលា និងថវិកា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តត្រូវសហការជាមួយមន្ទីរការងារ ឱ្យបានល្អ ប្រសើរ ក្នុងការដោះស្រាយបញ្ហាជាមួយកម្មករ ពីព្រោះសិទ្ធិកម្មករ ត្រូវបានធានាចំពោះមុខច្បាប់ស្តីពី ការងារ ហើយកម្មករនិងថៅកែរោងចក្រត្រូវតែអនុវត្តច្បាប់ការងារឱ្យបានល្អ នៅពេលដែលមានវិវាទ ណាមួយកើតឡើង ត្រូវតែបានដោះស្រាយជាមួយគ្នាដោយសន្តិវិធី ជាមួយសហជីព អាជ្ញាធរ ថៅកែ រោងចក្រនិងកម្មករជាមួយគ្នាចៀសវាងចិញ្ចឹមទំនាស់។

«ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុងណាមួយរវាងកម្មករជាមួយនឹងម្ចាស់រោងចក្រឱ្យបានលឿនបំផុតកុំរង់ចាំតែក្រសួងការងារគឺអស់លោកចៅហ្វាយខេត្តហ្នឹងត្រូវតែនាំមុខប្រគល់ឱ្យអនុខេត្តណា មួយធ្វើតាមដានរឿងហ្នឹងឱ្យជាប់ជាមួយមន្ទីរកាងាររួចហើយពេល ឃើញថាសំណុំរឿងហ្នឹងវាត្រូវធ្វើការ​រហ័ស ត្រូវអញ្ជើញថៅកែរោងចក្រមកនិយាយដោយស្ងាត់ស្ងៀមនិងអញ្ជើញកម្មករជួបគ្នាដើម្បីដោះស្រាយ មានតែវិធីហ្នឹងទេកុំឡើងតុលាការរឿងរ៉ាវវែងឆ្ងាយណាស់ អ៊ីចឹងកម្មករថៅកែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី មានសុខភាពធ្វើការល្អ គឺការបានទិន្នផលល្អសម្រាប់រោងចក្រ វាការបំពេញឱ្យគ្នាទៅវិញទៅមក អ៊ីចឹងយើងចាត់ទុកថាម្ចាស់រោងចក្រត្រូវចាត់ទុកកម្មករជាគូជីវិត ឯកម្មករកម្មការិនីក៏ត្រូវចាត់ទុក ម្ចាស់រោងចក្រក៏ជាគូជីវិតដែរ ពីព្រោះបើអត់រោងចក្រក្មួយៗក៏អត់ការងារដែរ ដល់ទៅថៅកែ បើមានតែ រោងចក្រ តែអត់កម្មករគឺជាម្ចាស់ឃ្លាំងតើ»៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: