ព័ត៌មានជាតិ

តំបន់ឧទ្យានអង្គរ នឹងត្រូវបង្កើនចំនួនសត្វព្រៃ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ

BY
Khmernote Media
June 5, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា ក្នុងភាពដៃគូសហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ មានគម្រោងបង្កើនប្រភេទសត្វព្រៃនៅក្នុងតំបន់ឧទ្យានអង្គរ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ថែមពីការចូលទស្សនាប្រាង្គប្រាសាទ ដែលមាននៅក្នុងរមណីយដ្ឋានអង្គរ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិ អប្សរា បានឱ្យដឹងថា ប្រភេទសត្វព្រៃដែលមានសុវត្ថិភាពដល់ភ្ញៀវទេសចរ នឹងត្រូវយកទៅលែង បន្ថែមទៀតនៅក្នុងតំបន់ឧទ្យានអង្គរ ខណៈចាប់តាំងពីឆ្នាំ២០១៣មក មានការលែងប្រភេទសត្វព្រៃ កម្រជាង១០ប្រភេទ សរុបជាង៤០ក្បាល ឱ្យរស់នៅក្នុងតំបន់ការពារបេតិកភណ្ឌមួយនេះ។

នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងបរិស្ថាន ក្រុមអង្គការផ្នែកអភិរក្សសត្វព្រៃ និងធនធាន ធម្មជាតិ និងអ្នកសារព័ត៌មាន ស្វែងយល់ពីការស្តារសត្វព្រៃក្នុងតំបន់ឧទ្យានអង្គរ កាលពីសប្តាហ៍កន្លងទៅ នេះ លោក ជូ រ៉ាឌីណា បានបញ្ជាក់ថា ការបង្កើនចំនួនសត្វព្រៃ នឹងអាចទាក់ទាញបានការចាប់អារម្មណ៍ ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត ក្រៅពីការទស្សនាប្រាសាទ។ លោកថា សត្វប្រើស ឈ្លូស និងសត្វដែលមិនបង្កហានិភ័យដល់ទេសចរមួយចំនួនទៀត នឹងត្រូវយកទៅលែងនៅទីនោះ។

លោកថ្លែងថា «ឧទ្យានអង្គរមិនត្រឹមតែជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង មានទេសចរណ៍បែបធម្មជាតិមួយទៀត តាមរយៈការទស្សនាព្រៃឈើ និងសត្វព្រៃ ដែលបានលែង។ ភ្ញៀវភាគច្រើនជិះកាត់ឧទ្យានអង្គរប្រទះឃើញសត្វព្រៃរបស់យើង គាត់ស្គាល់ទីតាំងដែលយើងលែង។ គាត់អាចនាំគ្នាមកទស្សនា»។ លោកបញ្ជាក់ថា សត្វប្រើស ជាប្រភេទសត្វ ដែលនឹងត្រូវយកមក ធ្វើការ លែងបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខ។ បើតាមការបញ្ជាក់របស់លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា សត្វព្រៃដែលបានលែងរួចហើយនៅតំបន់ឧទ្យានអង្គរមានដូចជា៖ សត្វទោចម្កុដ សត្វភេខ្លួនរលោង ឆ្មាដាវ ស្វាព្រាហ្មណ៍ ឈ្លូស សំពោច សត្វកេងកងតូច កេងកងធំ ព្វាំង និងក្ងោក ជាដើម។ ទោះជាយ៉ាងនេះក្តី លោក និក ម៉ាក បានស្នើឱ្យមានការរិតបន្តឹងច្បាប់ និងបង្កើនការ ដាក់ទោសទណ្ឌចំពោះជនល្មើស ដែលបានបរបាញ់ និងដាក់អន្ទាក់ចាប់យកសត្វព្រៃ។

«ខ្ញុំសុំឱ្យរដ្ឋាភិបាលធ្វើច្បាប់ដាក់ទោសឱ្យខ្លាំងដល់អ្នកចាប់សត្វព្រៃ ដើម្បីការពារសត្វពីការដាក់អន្ទាក់ ព្រោះបើយើងមិនធ្វើទេនោះ សត្វព្រៃនឹងត្រូវអស់រលីង»។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់ថា ច្បាប់បានកំណត់រួចហើយ ពីការ ដាក់ទោសជនល្មើសដែលបំផ្លាញព្រៃឈើ និងសត្វព្រៃ ដែលក្នុងនោះមានតាំងពីច្បាប់ ស្តីពីតំបន់ ការពារធម្មជាតិ ច្បាប់ស្តីពីព្រៃឈើ និងក្រមស្តីពីបរិស្ថាននិងធនធានធម្មជាតិ ដែលត្រូវបានរដ្ឋសភា អនុម័តនាពេលថ្មីៗនេះ។

សូមបញ្ជាក់ថា តំបន់ការពារទេសភាពនៃឧទ្យានអង្គរ មានផ្ទៃដីសរុប១០.៨០០ហិកតា ហើយគម្រោង លែងសត្វព្រៃក្នុងព្រៃឧទ្យាននេះ ត្រូវបានអនុវត្តឡើងតាំងពីឆ្នាំ២០១៣ ក្រោមកិច្ចសហការ រវាងអាជ្ញាធរ ជាតិអប្សរា រដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: