ព័ត៌មានជាតិ

រកផ្លូវវាង! មន្ទីរសាធារណការខេត្តកណ្ដាល នឹងបិទចរាចរណ៍រថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីផ្លូវបំបែក ២១បេភ្នំពេញ ដល់ស្រុកកៀនស្វាយ

BY
srey nuch
June 6, 2023

ខេត្តកណ្ដាល៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍រថយន្តធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែកផ្លូវជាតិលេខ២១បេ រាជធានីភ្នំពេញ ដល់ គ.ម៣០+១៤០ ចាប់ពីម៉ោង១៖០០រំលងអធ្រាត្រ រហូតដល់ម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរណ៍រថយន្ត ដឹកទំនិញធុនធំ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់ គ.ម៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង ១:០០រំលងអធ្រាត្រ រហូតដល់ ម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងបាវិត ប្រវែងសរុប ១៣៥,១០គ.ម និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែងសរុប ៣,៧០គ.ម។

សម្រាប់រថយន្តធុនធំមកពីអ្នកលឿង ត្រូវវាងតាមផ្លូវក្រវាត់ក្រុងខ្សែទី៣ ត្រង់គ.ម៣០+១៤០ ផ្លូវជាតិលេខ១ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ចំណែករថយន្តធុនធំចេញពីរាជធានីភ្នំពេញ ត្រូវវាងតាម ផ្លូវលេខ២១បេ ទៅផ្លូវលេខ១១០ ឡើងទៅផ្លូវក្រវាត់ក្រុងខ្សែទី៣ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំពោះរថយន្តគ្រួសារអាចធ្វើចរាចរណ៍បានជាធម្មតា។

អាស្រ័យហេតុនេះសូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការ អនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល

Share This Post: