SEA GAMES

កីឡាករ ជឹម ផាន ឈ្នះមេដាយប្រាក់ សម្រេចបំណងធំជូនជាតិ មុនពេលចូលនិវត្តន៍

BY
srey nuch
June 6, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាករអត្តពលកម្មពិការ ជឹម ផាន ដែលឈ្នះមេដាយប្រាក់លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ កម្រិតពិការ T64 កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចាត់ ទុកថា នេះជាព្រឹត្តិការណ៍មានអត្ថន័យបំផុតរបស់ខ្លួន ដែលជាហ្គេមចុងក្រោយ មុនចូលនិវត្ត ពីវិស័យកីឡា។

ម្ចាស់មេដាយប្រាក់រូបនេះបានបញ្ជាក់ថា វិញ្ញាសា ៨០០ម៉ែត្រនេះ ខ្លួនបានលេង បាន២ដង ដែលលើកទី១បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ ប្រកួតនៅប្រទេស កូរ៉េខាង ត្បូង ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៣ ហើយក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ គឺជាលើកទី២ ហើយក៏ជាការប្រកួតចុងក្រោយរបស់ខ្លួនដែរ។

កីឡាករ ជឹម ផាន គូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រនៃការរៀបចំជាលើកដំបូងរបស់កម្ពុជា ខ្ញុំពិតជាសប្បាយ ចិត្តខ្លាំងណាស់ ដែលដណ្តើមបានមេដាយប្រាក់១គ្រឿងជូនជាតិ។ នេះជាឱកាសចុងក្រោយ របស់ខ្ញុំ ហើយនេះជាហ្គេមលើកចុងក្រោយបំផុត សម្រាប់ខ្ញុំ មុនពេលខ្ញុំលាឈប់ពីកីឡា។ ខ្ញុំមានវ័យច្រើនហើយ បច្ចុប្បន្ន ខ្ញុំមានវ័យ៥៥ឆ្នាំហើយ»

កីឡាករ ជឹម ផាន នៅសល់១វិញ្ញាសាទៀត គឺវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ កម្រិត ពិការ T64 ដែរ ប៉ុន្តែម្ចាស់មេដាយប្រាក់រូបនេះដាក់ក្តីសង្ឃឹមតិចតួច ក្នុងការប្រជែងមេដាយ ដោយសារតែកីឡាករ មកពីបណ្តាប្រទេសនានាក្នុងអាស៊ានសុទ្ធសឹងតែជាកីឡាករជំនាន់ ក្រោយៗមានវ័យក្មេងៗ ហើយមានសក្តានុពលល្អជាង។

«ដូច្នេះ ខ្ញុំមិនអាច ប្រៀបនឹងកម្លាំង របស់ប្អូនៗជំនាន់ក្រោយបានទេ វ័យរបស់ខ្ញុំចាស់ហើយ មិនល្អដូចក្មេងៗជំនាន់ ក្រោយនេះទេ»។ គួរបញ្ជាក់ថា កីឡាករ ជឹម ផាន ធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ដែរ ប៉ុន្តែមិន ដណ្តើមបានមេដាយនោះទេ ដោយកីឡាករ ជឹម ផាន បានចាត់ទុកថា មេដាយប្រាក់របស់ខ្លួន ក្នុងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅមាតុភូមិរបស់ខ្លួន គឺជាសមិទ្ធផលដ៏ធំធេង មុនលាឈប់ពីវិស័យកីឡា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: