ក្រសួងការងារ ជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឱ្យកម្មករមានពិការភាព អាចចេញមុនម៉ោងការងារយ៉ាងតិច ១៥នាទី
- June 6, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុញ្ញាត ឱ្យបងប្អូនកម្មករនិយោជិតជាជនមានពិការភាព បានចេញមុនម៉ោងការងាររបស់ខ្លួនយ៉ាងតិច ១៥ (ដប់ប្រាំ) នាទី ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចេញពីធ្វើការ និងគាំពារសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិតទាំងនោះ។

ទន្ទឹមនឹងការផ្ដល់ជូននេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ផ្សេងៗស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ជូនដល់បងប្អូនកម្មករនិយោជិតជាជនមានពិការភាពដែលទទួល បានសិទ្ធិអនុញ្ញាតឱ្យចេញមុនម៉ោងការងារនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

- Share This Post:






