សម្ដេចតេជោ ហ៊ុន សែន៖ « ភាគីថៃ បញ្ជាក់យ៉ាងជាក់លាក់ថា មិនមានការបណ្ដេញចេញកម្មករខ្មែរ និងឡាវ ដែលធ្វើការនៅប្រទេសថៃនោះទេ គេមានតែសម្រួលឱ្យថែមទៀត »
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី ១៨,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ក្នុងស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលពីធីនេះធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអបអរសាទរ ជាមួយនឹងព័ត៌មានដែលទទួលបានពីព្រះរាជាណាចក្រថៃ ដែលមុននេះខ្ញុំបានបង្ហាញពីកង្វល់ស្ដីអំពីបក្ស ឆ្ពោះទៅមុខ ដែលមានលេចលឺពាក្យមកថា នឹងបណ្ដេញកម្មករឡាវ និងកម្មករកម្ពុជាចេញពីប្រទេសថៃ ប៉ុន្តែម្សិលមិញនេះមានការបញ្ជាក់យ៉ាងជាក់លាក់ថា នឹងមិនមានបញ្ហានេះកើតឡើងទេ គេនឹងសម្រួលឱ្យថែមទៀតផង បើដូច្នោះគឺយើងលែងកង្វល់ជាមួយនឹងការចាកចេញរបស់កម្មករ កម្មការនីរបស់យើងដែលកំពុងធ្វើការនៅប្រទេសថៃ។ ខ្ញុំត្រូវតែឈឺឆ្អាល ប្រសិនបើរឿងទាក់ទិននឹងការបណ្ដេញចេញ ការបាត់បង់អត្ថប្រយោជន៍ និងការបាត់បង់ការងាររបស់កម្មកររបស់យើងនៅឯក្រៅប្រទេស។ ខ្ញុំសូមអរគុណចំពោះការបញ្ជាក់របស់បក្ស ឆ្ពោះទៅមុខ របស់ថៃ ខ្ញុំបានទទួលព័ត៌មានដោយការពេញចិត្តជាមួយនឹងការបកស្រាយថា នឹងមិនមានបញ្ហានោះកើតឡើងនោះទេ»។
សម្ដេចបានមានប្រសាសន៍បន្ថែមថា៖ « កម្ពុជាទទួលយកការបកស្រាយនេះ ហើយសង្ឃឹមជឿជាក់ថា កិច្ចសហការប្រតិបត្តិការលើវិស័យទាក់ទិនជាមួយនឹងកម្មករអន្តោប្រវេសន៍ ដែលជាកិច្ចព្រមព្រៀងក្របខណ្ឌ សម្រុះសម្រួលនៅក្នុងក្របខណ្ឌអាស៊ាន គឺត្រូវបានទទួលការការពារ និងដោះស្រាយ សូម្បីតែនៅកម្ពុជា ក៏មានកម្មករបរទេសធ្វើការនៅកម្ពុជា ដែលកម្ពុជាក៏ត្រូវយកចិត្តទុកដាក់ ការពារសុខទុក្ខរបស់គេដែរ ចឹងទេទាំងនេះគឺជាចំណុចដែលខ្ញុំត្រូវលើកមកបញ្ជាក់»៕



អត្ថបទ៖ លីនី