ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង ឈ្នះមេដាយប្រាក់ ក្នុងការប្រកួត Beach Wrestling World Series

    BY Khmernote Media June 12, 2023
    កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង ឈ្នះមេដាយប្រាក់ ក្នុងការប្រកួត Beach Wrestling World Series

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង ដណ្តើមបានមេដាយប្រាក់១គ្រឿង ក្រោយប្រកួតចាញ់កីឡាការិនីរ៉ូមេនី នៅវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាចំបាប់ឆ្នេរខ្សាច់ស៊េរីពិភពលោក (Beach Wrestling World Series) នៅប្រទេសសិង្ហបុរី នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

    លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអ្នកឧបត្ថម្ភទាំងស្រុងសម្រាប់ប្រតិភូកីឡាចំបាប់កម្ពុជា ក្នុងបេសកកម្មប្រកួតកម្រិតពិភពលោកនេះមានប្រសាសន៍ថា ទោះ បីជាកីឡាការិនីកម្ពុជាដណ្តើមបានមេដាយប្រាក់ក៏ពិតមែន ប៉ុន្តែយើងពិតជាសប្បាយរីករាយណាស់ ពីព្រោះនេះជាការប្រកួតប្រកួតកម្រតិពិភពលោក។ លោកបន្ថែមថា នៅក្នុងការប្រកួតជម្រុះ កីឡាការិនី ឌិត សំណាង បានប្រកួតឈ្នះកីឡាការិនីបារំាង អេស្ប៉ាញ ចិន និងកេនយ៉ា ហើយបានឆ្លងផុតមកដល់វគ្គផ្តាច់ព្រ័ត្រជួបជាមួយនឹងកីឡាការិនីរ៉ូមេនី។ លោកបានបញ្ជាក់ទៀតថា នេះជាមោទនភាពជាតិ ដែលចំបាប់កម្ពុជាដណ្តើមមេដាយប្រាក់ លើប្រភេទទម្ងន់ ៥០គីឡូក្រាម កម្រិតពិភពលោក ឆ្នាំ២០២៣នេះ។

    លោក ខេស៊ី បាណេត គូសបញ្ជាក់ថា ៖ «នេះជាការទី១ ដែលចំបាប់កម្ពុជាបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ឆ្នេរខ្សាច់ស៊េរីពិភពលោក ឆ្នាំ២០២៣។ យើងឃើញថា ចំបាប់កម្ពុជាមានសក្តានុពលបន្ថែមទៀត សម្រាប់ការចូលរួមប្រកួតបន្ត នៅឆ្នាំក្រោយ ហើយយើងសង្ឃឹមថា កម្ពុជានឹងជោគជ័យបន្ថែមទៀត»

    អនុប្រធានសហព័ន្ធចំបាប់រូបនេះពន្យល់ថា ការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់ស៊េរីពិភពលោកនេះ គឺជាប្រកួតប្រជែងកំណត់ឱ្យដឹងនូវពិន្ទុ ដើម្បីទទួលបានសិទ្ធិឆ្ពោះទៅចូលរួមប្រកួតជើងឯកពិភពលោក។ ដូច្នេះ ឌិត សំណាង ជាបេក្ខភាពចូលរួមប្រកួតជើងឯកពិភពលោក នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នាខែសីហា ឆ្នាំ២០២៣ ជាមួយនឹងបេក្ខភាពកីឡាការិនី ដូចនៅក្នុងការប្រកួត World Series នៅសិង្ហបុរីនេះដែរ។ កីឡាការិនីកម្ពុជារូបនេះទទួលបានសិទ្ធិជាលើកដំបូង សម្រាប់ចូលរួមប្រកួតជើងឯកពិភពលោក នាខែសីហាខាងមុខ ពីព្រោះកន្លងមក ចំបាប់កម្ពុជាមិនធ្លាប់មានសិទ្ធិជាផ្លូវការ សម្រាប់ការចូលរួមប្រកួតជើងឯកពិភពលោកនេះទេ។

    គួរបញ្ជាក់ថា សហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡករកីឡាការិនីជម្រើសជាតិរបស់ខ្លួនសរុប ចំនួន ៦នាក់ រួមមាន៖ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹក, កីឡាការិនី ឌិត សំណាង (-50kg), កីឡាការិនី សឿន នឿន (-60kg), កីឡាករ ឈឿន ឈាង (-70kg), កីឡាករ ឆាំ ពិស៊ិន (-80kg) និងកីឡាករ ហេង វុទ្ធី (-90kg) ដែលចូលរួម Beach Wrestling World Series លើកទី២ ដែលនឹងរៀបចំនៅប្រទេសសឹង្ហបុរី ពីថ្ងៃទី០៩-១០ ខែមិថុនា ឆ្នាំ២០២៣៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay