ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលរាជធានីភ្នំពេញ បំភ្លឺករណី បុរសម្នាក់កាន់ធូបមួយបាច់បបួលសមត្ថកិច្ចស្បថ ក្រោយបើកបរល្មើសច្បាប់ចរាចរណ៍ ចោទប្រកាន់សមត្ថកិច្ចខុសពីការពិត

    BY Khmernote Media June 13, 2023
    ស្នងការនគរបាលរាជធានីភ្នំពេញ បំភ្លឺករណី បុរសម្នាក់កាន់ធូបមួយបាច់បបួលសមត្ថកិច្ចស្បថ ក្រោយបើកបរល្មើសច្បាប់ចរាចរណ៍ ចោទប្រកាន់សមត្ថកិច្ចខុសពីការពិត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទៅនឹងការផុសវីដេអូរបស់គណនីហ្វេសប៊ុកមួយឈ្មោះ យី សៀវគង និងផេកហ្វេសបុកឈ្មោះ Bong Vy Online Shop ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ហើយ បែរចោទប្រកាន់មកលើសមត្ថកិច្ចថាបបួលគាត់វាយគ្នាមួយស្មើ និងបបួលសមត្ថកិច្ចស្បថស្បែ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជាការចុះផ្សាយព័ត៌មានមិនពិត។

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ៨៖០០នាទីព្រឹក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានអនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅលើផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស រហូតដល់វេលាម៉ោង ៨៖៣៥នាទី មានម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1KC-6305 ជិះឌុបគ្នា០២នាក់ ដោយមិនមានពាក់មួកសុវត្ថិភាពឡើយ ពេលឃើញដូចនោះសមត្ថកិច្ចក៏បានហៅម៉ូតូឲ្យឈប់ដើម្បីធ្វើការណែនាំអប់រំ ដោយមិនបានធ្វើការផាកពិន័យនោះទេ ប៉ុន្ដែពេលសមត្ថកិច្ចធ្វើការណែនាំនោះ ស្រាប់តែបុរសដែលអង្គុយខាងក្រោយមានការខឹងជាមួយសមត្ថកិច្ច ក៏បានយកទូរស័ព្ទដៃថតសមត្ថកិច្ច រួចទៅយកធូបដុត ដោយហៅសមត្ថកិច្ចឲ្យស្បថថាឲ្យងាប់ទាំងក្រុមដោយចោទថា សមត្ថកិច្ចបបួលគាត់វាយគ្នាមួយស្មើ ជាក់ស្តែងសមត្ថកិច្ចមិនបានឈ្លោះប្រកែកជាមួយគាត់ឡើយ។ ក្រោយកើតហេតុសមត្ថកិច្ចបានអនុញ្ញាតឲ្យគាត់បន្ដដំណើរទៅមុខទៀតដោយមិនបានធ្វើការផាកពិន័យ ឬយកលុយពីគាត់នោះទេ។

    សូមបញ្ជាក់ថា កន្លងមកបុរសខាងលើក៏ធ្លាប់បង្កជម្លោះជាមួយសមត្ថកិច្ច ចំនួន០៣លើករួចមកហើយ (ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌច្បារអំពៅ, ខណ្ឌដង្កោ)។

    បន្ទាប់ពីបានឃើញបុរសខាងលើធ្វើការឡាយវីដេអូមិនពិតចោទប្រកាន់មកមន្ត្រី សមត្ថកិច្ចក៏បានធ្វើការកោះហៅបុរសខាងលើឲ្យចូលខ្លួនបកស្រាយបំភ្លឺករណីនេះ ក្រោយពីសាកសួររួចបុរសខាងលើបានសារភាពទទួលកំហុសចំពោះមុខសមត្ថកិច្ចថា រូបគេពិតជាបានថតរូបភាពសមត្ថកិច្ចយកទៅផុសខុសពីការពិតប្រាកដមែន តាមពិតសមត្ថកិច្ចមិនបានបបួលខ្លួនវាយគ្នា និងមិនបានផាកពិន័យខ្លួនឡើយ គឺសមត្ថកិច្ចគ្រាន់តែហៅខ្លួនណែនាំតែប៉ុណ្ណោះ រួចសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យា និងណែនាំអប់រំ រួចឲ្យវិលត្រលប់ទៅផ្ទះវិញ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay