ព័ត៌មានជាតិ

អគ្គនាយកដ្ឋានពន្ធដារ បំភ្លឺទាក់ទងការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកថា «សាលាខ្មែរ-ចិន អរសប្បាយសិក្សា តម្រូវឱ្យអាណាព្យាបាលបង់ពន្ធលើថ្លៃការសិក្សា»

BY
Khmernote Media
June 13, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីបំភ្លឺ ទាក់ទងការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម Facebook ថា សាលាខ្មែរ-ចិនអរសប្បាយសិក្សា (JOY SCHOOL) តម្រូវឱ្យអាណាព្យាបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ។

ដោយក្នុង លិខិតជូនដំណឹងរបស់សាលាខ្មែរ-ចិនអរសប្បាយសិក្សា បានបញ្ជាក់ថា “សាលាខ្មែរ-ចិនអរសប្បាយសិក្សា មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ មាតាបិតា ឬអាណាព្យបាលសិស្សទាំងអស់ឱ្យបានជ្រាបថា៖ តាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សិស្សានុ-សិស្សទាំងអស់ត្រូវបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ហើយសាលាបានបង់ពន្ធលើថ្លៃការសិក្សា ជំនួសមាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សអស់រយៈពេល ៣ឆ្នាំ។ ចាប់ពីឆ្នាំនេះទៅ សាលាជួយបង់ពន្ធលើថ្លៃការសិក្សា ជូនរដ្ឋតែ ១០%ប៉ុណ្ណោះ រីឯនៅសល់ថ្លៃលើការសិក្សា ១០% ទៀត សូមមាតាបិតាឬអាណាព្យាបាលសិស្សត្រូវទទួលខុសត្រូវ ជួយបង់ពន្ធលើថ្លៃការសិក្សានេះ។ ដោយគិតគូរពីស្ថានភាពសេដ្ឋកិច្ច របស់សង្គមបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត ថ្លៃ សិក្សានឹងមិនត្រូវបានដំឡើងនៅឆ្នាំនេះទេ”។

អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការបញ្ជាក់ជូនថា អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺមិនមាន ប្រភេទពន្ធលើថ្លៃការសិក្សា នោះទេ។ ដោយឡែក ពន្ធលើប្រាក់ចំណូល តាមអត្រា២០% គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណាព្យាបាលសិស្សានុសិស្សឡើយ។ ដូច្នេះមិនមានការតម្រូវឱ្យអាណាព្យាបាលសិស្សានុសិស្សបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំ តាមការលើកឡើងរបស់ សាលាខ្មែរ-ចិនអរសប្បាយសិក្សា នោះទេ។ ទន្ទឹមនឹងនេះ សូមជម្រាបជូន ដល់សាធារណជន ជាពិសេសអាណាព្យាបាលសិស្សានុសិស្សឱ្យបានជ្រាបផងដែរថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ដោយចាត់ទុកជាវិស័យអប់រំជាវិស័យអាទិភាព និងបានផ្ដល់ការអនុគ្រោះលើកទឹកចិត្តផ្នែកពន្ធដារដល់វិស័យនេះ ជារៀងរហូតមក ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់រយៈពេល ៥ឆ្នាំម្តងៗ រហូតមកដល់បច្ចុប្បន្ន។

ថ្មីៗនេះ តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល បានបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាកម្ម ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨ ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវបង់ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើ ការជួលទីតាំង ពន្ធអចលនទ្រព្យ និងប៉ាតង់។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយស្ថាប័នអប់រំ និងស្ថាប័នពាក់ព័ន្ធនានា ធ្វើការពិនិត្យ លើគ្រឹះស្ថានទាំងឡាយណា ដែលអនុវត្តមិនត្រឹមត្រូវស្របតាមគោលការណ៍លើកទឹកចិត្តពន្ធដាររបស់រាជរដ្ឋាភិបាលដល់វិស័យ អប់រំ ហើយក្នុងករណីរកឃើញថាស្ថាប័នអប់រំណាមួយប្រព្រឹត្តល្មើស នឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់និងលិខិត បទប្បដ្ឋានគតិយុត្តជាធរមាន ៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation

Share This Post: