ព័ត៌មានជាតិ

សហគមន៍ចំនួនបីនៅភ្នំត្បែងក្នុងខេត្តព្រះវិហារ កំពុងវាយតម្លៃ បង្កើតផ្លូវលំថ្មីនៅលើកំពូលភ្នំត្បែង ដើម្បីទាក់ទាញភ្ញៀវទេសចរ

BY
Khmernote Media
June 14, 2023

ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ​សហគមន៍ចំនួនបីនៅភ្នំត្បែង ក្នុងខេត្តព្រះវិហារ ដោយមានការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង បានធ្វើការវាយតម្លៃទីតាំងជាបឋម ដើម្បីសាងសង់ផ្លូវលំថ្មីមួយខ្សែ។ ផ្លូវលំនឹងតភ្ជាប់សហគមន៍តំបន់ការពារធម្មជាតិ ចាក់អង្រែ តាំងយូ និងដាតាវឹក។

សមាជិក សហគមន៍បានធ្វើការសិក្សាទីតាំងដោយប្រើជំនាញ និងចំណេះដឹងដែលទទួលបានក្នុង វគ្គបណ្តុះបណ្តាលរយៈពេលច្រើនសប្តាហ៍ ស្តីពីការអភិវឌ្ឍផ្លូវលំប្រារព្ធធ្វើនៅខេត្តសៀមរាប ដោយមានការគាំទ្រពីធនាគារ ពិភពលោក ក្រោមគម្រោង និរន្តរភាពតំបន់ទេសភាព និង ទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) និងរៀបចំដោយក្រសួងបរិស្ថាន។​

ប្រភពពីមន្ត្រីគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះថា ចម្ងាយផ្លូវដែលកំពុងសិក្សានេះមានប្រវែងសរុបនៃផ្លូវលំដែលសិក្សាថ្មី នេះគឺ ២០,២៣ គីឡូម៉ែត្រ។ ផ្លូវលំនឹងចាប់ផ្តើមពីចំណុចឡើងភ្នំត្បែង តាមជណ្តើរឈើដែល ទើបសាងសង់ថ្មីនៅសហគមន៍ចាក់អង្រែ។ នៅលើកំពូលភ្នំ ផ្លូវលំនេះ នឹងត្រូវធ្វើកាត់តាម លំនាំធម្មជាតិនៃភ្នំ និងជ្រលងភ្នំ ដែលមាននៅលើភ្នំត្បែង។ កន្លែងសម្រាក និងចំណុចចាប់ អារម្មណ៍ជាច្រើន នឹងត្រូវបានបញ្ចូលទៅក្នុងផ្លូវលំថ្មីនេះ សម្រាប់អ្នកឡើងភ្នំ។ នៅតាមផ្លូវ លំនេះ នឹងមានទឹកហូរ ទឹកធ្លាក់ ដើមឈើដែលមានអាយុកាលរាប់រយឆ្នាំ ជម្រកសត្វព្រៃ និងបក្សី ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច វត្តអារាម និងទីសក្ការៈបូជា។

ចំណុចកណ្តាលនៃផ្លូវលំនេះ គឺជាកន្លែងបោះជំរុំនៅសហគមន៍តាំងយូ ដែលភ្ញៀវទេសចរអាចចំណាយពេលគេងមួយ យប់នៅទីនេះ ដែលរៀបចំដោយសហគមន៍ ហើយវាមានទីតាំងស្ថិតនៅលើច្រាំងនៃភ្នំ។ ផ្លូវថ្មីនេះនឹងបញ្ចប់នៅត្រឹមសហគមន៍ដាតាវឹក ដែលភ្ញៀវទេសចរ នឹងចុះពីភ្នំត្បែងតាមរយៈ ជណ្តើរឈើមួយផ្សេងទៀត។ ផ្លូវលំនេះក៏អាចងាយស្រួលសម្រាប់ការជិះកង់លើភ្នំដែលកង់ក៏ មានសម្រាប់ជួលនៅលើកំពូលភ្នំត្បែងនេះ។ ការធ្វើផ្លូវលំមានសារៈសំខាន់ណាស់សម្រាប់ ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ និងនិរន្តរភាពរបស់វា។ ផ្លូវលំដែលត្រូវបានអភិវឌ្ឍន៍ និងថែទាំបានល្អ បង្កើនបទពិសោធន៍របស់អ្នកទេសចរ និងអាចកាត់បន្ថយផល ប៉ះពាល់ដល់បរិស្ថាន។

នៅពេលដែលអ្នកទស្សនាស្វែងរកបទពិសោធន៍ដែលផ្សាភ្ជាប់ ពួកគេជាមួយនឹង ធម្មជាតិ ផ្លូវលំអាចបំពេញគោលបំណងរបស់អ្នកទស្សនាបានច្រើន និងអាច បង្កើនការ ទស្សនាទៅកាន់សហគមន៍អេកូទេសចរណ៍ទាំងនោះ។ ផ្លូវលំគួរតែត្រូវបានរចនា ឡើងដើម្បី បង្កឱ្យមានភាពងាយស្រួលក្នុងការចូលទៅកាន់កន្លែងកម្សាន្ត ហើយជាមួយគ្នានោះដែរ អាចធ្វើឱ្យភ្ញៀវទេសចរកាន់តែនៅជិតជាមួយ និងធម្មជាតិតាមរយៈទីតាំង និងរូបរាងរបស់ ផ្លូវលំ។ ការរចនាសង់ផ្លូវលំ ក៏ត្រូវគិតទៅដល់សណ្ឋានដី ដើម្បីកាត់បន្ថយ កម្លាំងក្នុងការ សាងសង់ និងការថែទាំ។​

ប្រភពដដែលបញ្ជាក់ទៀតថា នៅពេលដែលការពិនិត្យ និងវាយតម្លៃបរិស្ថានសម្រាប់ ផ្លូវលំថ្មីនៅលើភ្នំត្បែងនេះត្រូវបានបញ្ចប់ សមាជិកសហគមន៍នឹងដាក់សំណើទៅអាជ្ញាធរឃុំ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងអង្គការស្បៀង និងកសិកម្មនៃសហប្រជា ជាតិ(FAO) ដើម្បីការគាំទ្រហិរញ្ញវត្ថុក្នុងការសាងសង់ផ្លូវថ្មីនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: