អ្នកអភិរក្សសត្វព្រៃ កំពុងព្រួយបារម្ភពីការគំរាមកំហែងជីវិតសត្វព្រៃក្នុងតំបន់រមណីយដ្ឋានអង្គរ
- June 14, 2023
ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ អ្នកជំនាញផ្នែកអភិរក្សសត្វព្រៃ បានឱ្យដឹងថា បច្ចុប្បន្ននេះ ការដាក់អន្ទាក់ដើម្បីចាប់យកនិងសម្លាប់សត្វព្រៃដោយខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ កំពុងកើតមានគួរឱ្យព្រួយបារម្ភ ខណៈដែលការដោះលែងសត្វព្រៃក្នុងតំបន់នោះមានការកើនឡើង។

លោក និច ម៉ាក (Nick Mark) នាយកសង្គ្រោះនិងថែរក្សាសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ មានប្រសាសន៍ថា ជាច្រើនឆ្នាំមកនេះ អង្គការអភិរក្សសត្វព្រៃអន្តរជាតិ ដែលសហការជាមួយរដ្ឋបាលព្រៃឈើនិងអាជ្ញាធរជាតិអប្សរា បានដោះលែងសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជា ៖ សត្វទោច ស្វាព្រាហ្មណ៍ ឈ្លូស សំពោច ឆ្មាដាវ សត្វកេងកង ក្ងោកនិងសត្វភេជាដើម ក៏ប៉ុន្តែកាលពីដើមខែមិថុនាកន្លងមក សត្វភេដែលបានដោះលែង នៅក្នុងព្រៃតំបន់អង្គរនោះ បានជាប់អន្ទាក់ងាប់បាត់ទៅហើយ ។
លោកបន្តថា បច្ចុប្បន្ននេះ នៅក្នុងព្រៃតំបន់អង្គរ ក៏មានជនខិលខូច លបលួចដាក់អន្ទាក់ចាប់យកសត្វព្រៃដែលកំពុងតែមានអ្នកថែរក្សានោះ យកទៅធ្វើម្ហូបនិងលក់ដូរដោយខុសច្បាប់ដែរ ។ដែលបញ្ហានេះ យើងមានការព្រួយបារម្ភជាខ្លាំង ចំពោះការបាត់បង់សត្វព្រៃនៅកម្ពុជា ហើយចង់ស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ជួយចាត់វិធានការបន្ទាន់ ក្នុងការធ្វើច្បាប់ប្រឆាំងនិងការសម្លាប់សត្វព្រៃ។
លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ព័ន្ធ របស់អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សត្វព្រៃនៅក្នុងតំបន់អង្គរ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជួយទាក់ទាញភ្ញៀវទេសចរណ៍ផ្នែកធម្មជាតិ ឱ្យកាន់តែមានចំនួនច្រើនឡើងថែមទៀត ជាមួយនឹងទេសចរណ៍វប្បធម៌ ហើយចាប់តាំងពីអំឡុងឆ្នាំ២០១៣មក អាជ្ញាធរអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wild Life Alliance បានធ្វើការដោះលែងសត្វព្រៃជាបន្តបន្ទាប់នៅក្នុងតំបន់ឧទ្យានអង្គរ ដែលរហូតមកដល់ពេលនេះសត្វព្រៃខ្លះបានបង្កើតកូនចៅជាហូរហែរ។
ឯកឧត្ដម នេត ភក្រា្ដ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ចាប់តាំងតែពីអំឡុងឆ្នាំ១៩២៥មក តំបន់អង្គរត្រូវបានបង្កើតឡើងជាឧទ្យានជាតិទី១នៃតំបន់អាស៊ីអគ្នេយ៍ ហើយការដោះលែងសត្វព្រៃនៅក្នុងតំបន់អង្គរ គឺជាផ្នែកមួយនៃការបង្កើនល្បាយរបស់សត្វព្រៃនៅក្នុងប្រទេសកម្ពុជាទាំងមូល ហើយដើម្បីទប់ស្កាត់សកម្មភាពសម្លាប់សត្វព្រៃនៅក្នុងតំបន់អង្គរ ក៏ដូចជានៅក្នុងប្រទេសទាំងមូល ក្រសួងបរិស្ថានបានធ្វើយុទ្ធនាការ(អន្ទាក់សូន្យ)ដើម្បីអប់រំផ្សាយផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យបានដឹង អំពីការប៉ះពាល់ដែលកើតចេញពីអន្ទាក់ ដើម្បីឈានទៅរកការកាត់បន្ថយនិងលុបចោលចំនួនអន្ទាក់ទាំងស្រុងនៅពេលខាងមុខ ។
គួររំលឹកថា គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ដែលជាកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដោះលែងសត្វចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ សរុប១១ប្រភេទ ស្មើនឹង៧៤ក្បាល ដូចជា ៖ សត្វទោចមកុដចំនួន១៥ក្បាល ហើយកើតកូនបានចំនួន៧ក្បាល , ឈ្លូសចំនួន៥ក្បាល , ស្វាព្រាមចំនួន១២ក្បាល , សំពោចក្រអូបចំនួន៥ក្បាល , ភេខ្លួនរលោងចំនួន៨ក្បាល ហើយកើតកូនបានចំនួន៥ក្បាល , ឆ្មារដាវចំនួន១គូ , កេងកងតូចចំនួន៦ក្បាល , កេងកងធំចំនួន៦ក្បាល , ព្វាំងចំនួន៥ក្បាល , ក្ងោកចំនួន៩ក្បាល និង អន្សងចំនួន១ក្បាល ៕






ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
- Share This Post:






